អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ព្យាយាមជំរុញការហោះហើរក្នុងស្រុក និងក្រៅប្រទេស

(ភ្នំពេញ)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បាននិងកំពុងព្យាយាមធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុក ដើម្បីភ្ជាប់ការហោះហើរដោយត្រង់ បន្ទាប់ពីព្រលានយន្តហោះថ្មីនេះ ត្រូវបានសាងសង់នៅកន្លែងថ្មី លំដាប់ថ្នាក់4E ដែលអាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង ៧៣៧ និងអ៊ែរប៊ឺស A ៣២០ ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ ទៅ ១០លាននាក់ ក្នុង ១ឆ្នាំ ។

ក្នុងដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មាន ដែលចូលរួមក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ចំនួន ៣២ ស្ថាប័ន និងមានអ្នកសារព័ត៌មានចូលរួម ៤២ នាក់ ដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ ក្នុងខេត្តសៀមរាប កាលពីចុងសប្តាហ៍នេះ លោក ពេជ្រ សុប៉ុនតារា អ្នកទទួលបន្ទុកផ្នែករកក្រុមហ៊ុនយន្តហោះ នៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា«យើងកំពុងព្យាយាមធ្វើទំនាក់ទំនងបន្ថែមទៀត ជាមួយក្រុមហ៊ុនទេសចរណ៍ ដើម្បីធ្វើយ៉ាងណាឱ្យតម្លៃនៃជើងហោហើរនីមួយៗ អាចទទួលយកបានពីអ្នកដំណើរ ព្រោះថា តម្លៃនៃជើងហោះហើរ គឺក្រុមហ៊ុនទេសចរណ៍ ជាអ្នកកំណត់តម្លៃ ។

ព្រលានយន្តហោះអន្តរជាតិមួយនេះ បាននិងកំពុងទាក់ទងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ថ្មីៗ ដើម្បីពង្រីកការហោះហើយ ប្រកបដោយការប្រកួតប្រជែងទាំងច្រវាក់តម្លៃ។

លោក ពេជ្រ សុប៉ុនតារា បានបញ្ជាក់ថា បច្ចុប្បន្ន មានជើងហោះហើរទាំងទៅទាំងមកចំនួន៥០ជើង ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាន លើកលែងតែប្រទេសព្រុយណេ ភូមា ឥណ្ឌូនេស៊ី និងហ្វីលីពីន ហើយក្រៅពីប្រទេសអាស៊ាន ក៏មានប្រទេសចិន និងកូរ៉េខាងត្បូងផងដែរ។ ក្នុងមួយថ្ងៃមានអ្នកដំណើរ(ទាំងភ្ញៀវជាតិ និងអន្តជាតិ) ឆ្លងកាត់ប្រមាណ៥ពាន់នាក់។ ចំនួននេះ មានការកើនឡើង៥ភាគរយ បើធៀបនឹងព្រលានយន្តហោះចាស់។

គួរបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ត្រូវបានសាងសង់រួចរាល់ ក្នុងជំហានទី១ ក្រោមទុនវិនិយោគជាង១ពាន់លានដុល្លារអាមេរិក ដោយអាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរប៊ឺសA៣២០ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ទៅ១០លាននាក់ ក្នុង១ឆ្នាំ ហើយត្រូវរាជរដ្ឋាភិបាល រំពឹងថា នឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងរួមចំណែកដល់ការអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ការសាងសាង់មានចំណតសម្រាប់ចតអាកាសយានចំនួន៣៨ចំណត។

អាកាសយានដ្ឋានអន្តរជាតិនេះ មានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្រោមការវិនិយោគលក្ខណៈសាងសង់ ដំណើរការ និងផ្ទេរមកវិញ(BOT) ក្នុងរយៈពេល៥៥ឆ្នាំ។ អាកាសយានដ្ឋានថ្មីនេះ មានចម្ងាយពីប្រាសាទអង្គរវត្ត៤០គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕

អត្ថបទ ង៉ាន់ ទិត្យ
រូបភាព សួង ពិសិដ្ឋ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner