អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី រំពឹងថា អត្តពលិកកីឡាជិះសេះ នឹងអាចឈ្នះមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ អ្នកអង្គម្ចាស់ នរោត្តម ណាន់ ដាទេវី អគ្គលេខាធិការសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា មានព្រះបន្ទូលថា ការឈ្នះមេដាយមាសវិញ្ញាសាជាក្រុមរបស់កីឡាជិះសេះកម្ពុជា នៅប្រទេសថៃកន្លងមក គឺជាជោគជ័យមួយ។ អ្នកអង្គម្ចាស់ ក៏បានបង្ហាញក្តីសង្ឃឹមថា កម្ពុជាអាចនឹងឈ្នះមេដាយមាស ពីព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅប្រទេសថៃបន្តទៀត នឹងបន្ថែមគោលដៅមួយទៀត គឺដំណើរឆ្ពោះទៅប្រកួតជម្រុះព្រឹត្តការណ៍អូឡាំពិក ឆ្នាំ២០២៦ នៅប្រទេសសេណេហ្គាល់ផងដែរ។

អ្នកអង្គម្ចាស់នរោត្តម ណាន់ ដាទេវី មានបន្ទូលបែបនេះ ក្នុងកម្មវិធីការប្រកួតកីឡាជិះសេះ ឆ្នាំ ២០២៤ ដែលរៀបចំដោយសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា សហការជាមួយ Genius Resort កាលពីចុងសប្តាហ៍កន្លងទៅ ។

អ្នកអង្គម្ចាស់អគ្គលេខាធិការខាងលើ មានបន្ទូលបន្តថា ការប្រកួតកីឡាជិះសេះនាពេលនេះ គឺមានការគាំទ្រច្រើនជាងមុន ដោយមានក្រុមកីឡាករកម្រិតមូលដ្ឋានច្រើនចូលរួមកើនឡើងគុណ ៤ដង បើធៀបពីមុនមានមិនដល់ ៥នាក់ផង ។ ដូច្នេះហើយបានជាសហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានបណ្តុះផ្នត់គំនិត ក្មេងៗឱ្យស្រឡាញ់សេះ ចង់ជិះសេះ និងបង្ហាញទៅកាន់អាណាព្យាបាលឲ្យដឹងថា ទោះកូនៗពួកគាត់នៅតូច ក៏អាចជិះសេះបាន មិនបង្កគ្រោះថ្នាក់ និងហានិភ័យនោះទេ ដោយសារសហព័ន្ធមានគ្រូបង្ហាត់ត្រឹមត្រូវ មានបច្ចេកទេសល្អផងដែរ។

អ្នកអង្គម្ចាស់នរោត្តម ណាន់ ដាទេវី បានបង្ហើបគម្រោងថ្ងៃអនាគតថា កម្ពុជាអាចនឹងទទួលរៀបចំព្រឹត្តិការណ៍ប្រកួតជិះសេះកម្រិតអន្តរជាតិ ( F E I ) ក្រោយមានទីលានប្រកួតស្តង់ដាអន្តរជាតិ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Genius Resort នេះ ។

គួរបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ ឆ្នាំ២០២៤ សហព័ន្ធបង្ហាត់ជិះសេះកម្ពុជា បានប្រកួតលើពីរវិញ្ញាសាដាក់ឲ្យកីឡាករ-កីឡាការិនីប្រជែង គឺវិញ្ញាសា GYMKHANA កម្រិតមូលដ្ឋាន, កម្រិតខ្ពស់ និងវិញ្ញាសារ SHOW JUMPING កម្រិត ៤០, ៦០, និង៨០ សង់ទីម៉ែត្រ ៕

អត្ថបទ ៖ ចាន់ វិចិត្រ
រូបភាព ៖ ងីម ឆាយហួត

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner