ទីក្រុងហុងកុងអនុម័តច្បាប់សន្តិសុខជាតិថ្មី

ហុងកុង៖ សមាជិកសភាហុងកុង ក្នុងថ្ងៃអង្គារ បានអនុម័តជាឯកច្ឆ័ន្ទលើច្បាប់សន្តិសុខជាតិថ្មី ក្នុងនោះរួមមានការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មក្បត់ជាតិ ឬបង្កការបះបោរ និងជាប់គុករហូតដល់ ២០ឆ្នាំ ជុំវិញការលួចការសម្ងាត់រដ្ឋ និងចារកម្ម។

សមាជិកសភាហុងកុងទាំង ៨៨រូប និងប្រធានក្រុមប្រឹក្សានីតិប្បបញ្ញត្តិ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីអនុម័តច្បាប់សន្តិសុខជាតិថ្មី។ ច្បាប់ដែលសហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុបបានព្រមានថា អាចនឹងគំរាមកំហែងដល់សេរីភាពប្រជាជនក្នុងទីក្រុងហុងកុងនេះ ត្រូវបានអនុម័តជាឯកច្ឆ័ន្ទ បន្ទាប់ពីវាត្រូវបានណែនាំជាលើកដំបូងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៤។

កញ្ចប់ច្បាប់សន្តិសុខថ្មីនេះ បានហាមប្រាមទង្វើក្បត់ជាតិ ការបំផ្លិចបំផ្លាញ ការបះបោរ ការលួចការសម្ងាត់រដ្ឋ និងចារកម្ម ជាមួយនឹងការដាក់ទោសជាប់ពន្ធនាគារអស់មួយជីវិត និងជាប់គុករហូតដល់ ២០ឆ្នាំ។

ទន្ទឹមគ្នា ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ លោក Volker Turk បានរិះគន់លើការប្រញាប់ប្រញាល់អនុម័តច្បាប់សន្តិសុខជាតិថ្មីនេះ ដោយបាននិយាយថា វាជាជំហានថយក្រោយសម្រាប់ការការពារសិទ្ធិមនុស្ស។

ទោះបីជាយ៉ាងណា មេដឹកនាំហុងកុង លោក ចន លី បានហៅវាថា ជាពេលវេលាប្រវត្តិសាស្ត្រសម្រាប់ទីក្រុងនេះ ហើយថា ច្បាប់សន្តិសុខជាតិថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី២៣ ខែមីនាខាងមុខ៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner