ពង្រីកទីតាំងអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងទៅជាលំដាប់ថ្នាក់៤C

បាត់ដំបង: គណៈកម្មការអន្តរក្រសួង អាជ្ញាធរខេត្តបាត់ដំបង និងក្រុមការងារបច្ចេកទេស បានជួបប្រជុំដ៏កម្រមួយ ដើម្បីវាយតម្លៃសារជាថ្មី និងសិក្សាឡើងវិញពីការងារអភិវឌ្ឍន៍អាកាសយានដ្ឋានបាត់ដំបងឱ្យក្លាយជាអាកាសយានដ្ឋានលំដាប់ថ្នាក់៤C។ លំដាប់ 4C អាចទទួលយន្តហោះខ្នាតធម្យម ឬមានប្រវែងស្លាបមិនលើស៣៦ម៉ែត្រ។
 
ក្នុងជំនួបកាលពីថ្ងៃចន្ទ ក្រុមមន្ត្រីបានជជែកពីការចុះដាំបង្គោលកំណត់បរិវេណដីអាកាសយានដ្ឋានបាត់ដំបងដែលមានស្រាប់ និងបរិវេណដីដែលត្រូវពង្រីកបន្ថែម។ ព្រលានដែលនឹងកែលម្អទៅជាលំដាប់អន្តរជាតិនេះស្ថិតនៅទីតាំងចាស់ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង និងស្រុកសង្កែ។

ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋលេខា ធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងជាប្រធានគណៈកម្មការ អន្តរក្រសួង នៅក្នុងកិច្ចពិភាក្សានោះបានស្នើរឲ្យក្រុមការងារពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ព្រលាននេះពន្លឿនការសិក្សា និងដោះស្រាយផលប៉ះពាល់ទៅលើប្រជាជន ដែលអាចកើតឡើងដោយសារតែការពង្រីកដីសង់ព្រលាន។ លោកបានលើកឡើងថា អាកាសយានដ្ឋានបាត់ដំបងថ្មីនេះ នឹងជួយលើកស្ទួយមុខមាត់របស់ខេត្តបាត់ដំបង ហើយក៏លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត បានកាន់តែប្រសើរ ជាពិសេសតាមរយៈលំហូរអ្នកទេសចរ។
 
ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា គម្រោងពង្រីកព្រលាននេះ អាចនឹងប្រើពេល២ឆ្នាំ មុនបើកការដ្ឋានសាងសង់ ហើយនៅពេលនេះស្ថាបនពាក់ព័ន្ធកំពុងពន្លឿន។
 
អាកាសយានដ្ឋានបាត់ដំបង ត្រូវបានបើកដំណើរការដំបូងនៅឆ្នាំ ១៩៦៨ នៅលើផ្ទៃដី១២៧ ហិកតា ដែលកាលនោះបានចាប់ផ្តើមជាមួយនឹងជើងហោះហើរភ្នំពេញ-បាត់ដំបង។ សង្រ្គាមក្នុងស្រុករវាងឆ្នាំ ១៩៧៥ និង ១៩៧៩ បង្ខំឲ្យព្រលានយន្តហោះផ្អាកដំណើរការ និងត្រូវបានបើកឡើងវិញនៅឆ្នាំក្រោយរបបខ្មែរក្រហមដួលរលំ តែសម្រាប់តែយោធាប្រើប៉ុណ្ណោះ។ ក្រោយឆ្នាំ១៩៩១ អាកាសយានដ្ឋាននេះ ត្រូវបានបិទទាំងស្រុងរហូតមកដល់បច្ចុប្បន្ន។
 
ការចាប់ផ្តើមការសិក្សា និងពង្រីកព្រលានថ្មី នាពេលនេះ ជាផ្នែកមួយនៃគោលនយោបាយបើកចំហជើងមេឃរបស់រដ្ឋាភិបាល ដើម្បីទាក់ទាញការវិនិយោគ និងភ្ញៀវទេសចរ។ ក្រៅពីព្រលាននៅបាត់ដំបង គម្រោងអាកាសយាន្តដ្ឋានដែលស្ថិតក្នុងផែនការអភិវឌ្ឍន៍ និងកែលម្អ មានអាកាសយានដ្ឋានប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យ អាកាសយានដ្ឋានកោះរ៉ុងក្រុងព្រះសីហនុ អាកាសយានដ្ឋានកោះកុង អាកាសយដ្ឋានមណ្ឌលគិរី អាកាសយានដ្ឋានកំពង់ឆ្នាំង និងអាកាសយានដ្ឋានស្ទឹងត្រែង៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner