អាណាព្យាបាលសូមប្រយ័ត្ន! រាំតាមចិញ្ចើមផ្លូវសាយភាយដល់សិស្សសាលា
ភ្នំពេញ៖ចរិយាធម៌ ឥរិយាបថ និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកំពុងស្ថិតក្នុងក្តីបារម្ភ។ នៅពេលនេះ សកម្មភាពរាំតាមចិញ្ចើមថ្នល់កាច់រាងពត់ពែន កាយវិការបត់បែន តាមចង្វាក់ភ្លេងរបស់រថយន្តធំៗ បានរីកសាយភាយទៅដល់សិស្សសាលាមួយចំនួនតាមបណ្តាខេត្តក្រុងនានា។
យោងតាមវីដេអូ ដែលចែករំលែកគគ្រឹកគគ្រេងនៅលើបណ្តាញសង្គម កូនសិស្សតូចៗ នៅថ្នាក់បឋម និងធម្យម សប្បាយក្អាកក្អាយរាំប្រែឡែងស៊ីផ្លេឡានដែលត្រូវបានកែច្នៃទៅជាបទភ្លេង។ នៅសងខាងផ្លូវជាតិដែលមានរថយន្តបើកកាត់ហូរហែរ សិស្សបឋមវ័យ ដើរផង រាំផង និងរ៉េបផង។ ជាទង្វើដែលប្រមុខរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ចាត់ទុកថា អាណាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម និងអាចគ្រោះថ្នាក់ដល់ជីវិត។
ក្រសួងអប់រំនៅថ្ងៃព្រហស្បតិ៍ម្សិលមិញបានចេញសេចក្តីប្រកាសបន្ទាន់ណែនាំឱ្យសាលារៀនទូទាំងប្រទេស និងគ្រូបង្រៀន ពង្រឹងសីលធម៌ ចរិយាធម៌ និងឥរិយាបថ ក្នុងម៉ោងសិក្សាឲ្យបានតឹងរឹងបំផុត
និងណែនាំសិស្សអំពី សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយរក្សាឱ្យបាននូវសណ្តាប់ធ្នាប់ របៀបរៀបរយ និង សុវត្ថិភាពអំឡុងពេលធ្វើដំណើរ។
លើសពីនេះ ក្រសួងបានស្នើឱ្យមាតាបិតា និងអ្នកអាណាព្យាបាលត្រូវចូលរួមតាមដាន និងទប់ស្កាត់ការធ្វើសកម្មភាពរបស់កូនចៅ ដែលបង្កភាពអាណាធិបតេយ្យ និងបាត់បង់សេចក្តីថ្លៃថ្នូរ ជាក់ស្តែងដូចជាការរាំលេងតាមចង្វាក់ស៊ីផ្លេបែបភ្លេង របស់រថយន្តធំៗ នៅតាមដងផ្លូវសាធារណៈ ជាដើម។
គួរសម្គាល់ថា ការរាំប្រឡែងស៊ីផ្លេឡានតាមដងផ្លូវនេះកើតមានមួយរយៈហើយ តែភាគច្រើនក្នុងចំណោមយុវជន។ ទង្វើនេះបាននាំឲ្យប្រមុខរដ្ឋាភិបាលចេញបញ្ជាកាលពីសប្តាហ៍មុនឲ្យទប់ស្កាត់ជាបន្ទាន់។
អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គមមួយចំនួនបង្ហាញក្តីបារម្ភចំពោះការធ្លាក់ចុះនៃសីលធម៌និងការយល់ដឹងក្នុងសង្គមកម្ពុជា។ លោក ប៉ា ច័ន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានលើកឡើងថា ការអប់រំទាំងនៅសាលា និងនៅផ្ទះជារឿងចាំបាច់បំផុត ហើយអាជា្ញធរគួរមានវិធានការដាក់ពិន័យក្នុងរូបភាពដាស់តឿនយុវជន និងកុមារឲ្យភ្ញាក់រលឹក ដូចជា ការបោសសម្អាតថ្នល់ និងសាលារៀនជាដើម៕
អត្ថបទ៖ ជិន ម៉ាដេប៉ូ