ក្រសួងមហាផ្ទៃ បដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បដិសេធចំពោះការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសរឿងតែងតាំងឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ចំណុះក្រសួងមហាផ្ទៃ និងបានហៅការចោទប្រកាន់នេះថា គឺជាការលាបពណ៌ ការទម្លាក់កំហុសបំពុលមហាជន ធ្វើឱ្យមហាជនមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងបំណងទុច្ចរិត ធ្វើឱ្យមានការប៉ះពាល់ ឬក៏ទម្លាក់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងតែដំណើរការទៅមុខក្នុងផ្លូវវិជ្ជាមាន។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃទី២២ ខែមីនានេះថា បន្ទាប់ពីមានការតែងតាំងឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំណុះក្រសួងមហាផ្ទៃ ផេកឈ្មោះ អុំ សំអាន បានបង្ហោះសារបែបមួលបង្កាច់ថា ឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាម្ចាស់ហ៊ុន ជាអគ្គនាយកក្រុមហ៊ុន ប៊ី.ភី.អេ បូព៌ាអេស៊ា ដែលនាំចូលជនជាតិចិនខុសច្បាប់មកកាន់កម្ពុជា រកស៊ីឈើខុសច្បាប់ ជាដើម ហើយត្រូវបានផេកមួយចំនួនទៀតយកព័ត៌មាននេះទៅផ្សព្វផ្សាយបន្ត។
លោក ទូច សុឃៈ បានសង្កត់ធ្ងន់ថា ការបង្ហោះសារបែបនេះ គឺជាការលាបពណ៌ ការទម្លាក់កំហុសបំពុលមហាជន ធ្វើឱ្យមហាជនមានការយល់ច្រឡំ យល់ខុសតាមខ្លួនក្នុងបំណងទុច្ចរិត ធ្វើឱ្យមានការប៉ះពាល់ ឬក៏ទម្លាក់ដល់ប្រជាប្រិយភាពរបស់រាជរដ្ឋាភិបាលកម្ពុជាដែលដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី កំពុងតែដំណើរការទៅមុខក្នុងផ្លូវវិជ្ជាមាន។ បានធ្វើឱ្យប៉ះពាល់ទៅដល់អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលបានស្នើតែងតាំងមកក្រសួងមហាផ្ទៃ នឹងស្នើតែងតាំងបន្តទៅកាន់សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្នុងជានាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាពិសេសការបង្ហោះសារបែបមួលបង្កាច់នេះ គឺបានធ្វើឱ្យប៉ះពាល់ទៅដល់កិត្តិយសសេចក្តីថ្លៃថ្នូររបស់សាម៉ីខ្លួន ពោលគឺរំលោភសិទ្ធិបុគ្គលដែលច្បាប់ការពារ។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការតែងតាំងឧត្តមសេនីយ៍ទោ យ៉ាំ ស៊ីងម៉ៅ ជាប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺថ្នាក់ដឹកនាំបានពិនិត្យមើលប្រវត្តិរូបលក្ខណៈសម្បត្តិ និងភាពស្របច្បាប់ផ្សេងៗ ហើយការតែងតាំងនេះ គឺត្រឹមត្រូវតាមច្បាប់ប្រកបដោយគុណាធិបតេយ្យ គឺមានលក្ខណៈសម្បត្តិពេញបរិបូរណ៍៕
ដោយ៖ពលជ័យ