ផលិតផលកៅស៊ូកម្ពុជាត្រូវប៉ាន់ដើមឆ្នាំ តែតម្លៃនៅតែជាបញ្ហា
ភ្នំពេញ៖ក្នុងរយៈពេលពីរខែដើមឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង៨៣លានដុល្លារអាមេរិកពីការលក់ផលិតផលកៅស៊ូ។ ចំណែកការនាំចេញឈើកៅស៊ូ មានចំនួនជិត២១ម៉ឺនដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍ដដែលបង្ហាញថា គិតត្រឹមខែកុម្ភៈ ឆ្នាំ២០២៤ ជ័រកៅស៊ូមានតម្លៃ ១ ៤៣៤ដុល្លារ ក្នុងមួយតោន កើនឡើងចំនួន២៥ដុល្លារ ក្នុងមួយតោន ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកតម្លៃ នៃការនាំចេញឈើកៅស៊ូ ជាមធ្យមក្នុងខែកុម្ភៈ ឆ្នាំ២០២៤ មានតម្លៃ១១០ដុល្លារ ក្នុងមួយម៉ែត្រគីប។ បើទោះជាតម្លៃល្អបើធៀបនឹងឆ្នាំមុន ប៉ុន្តែ ការធ្លាក់ថ្លៃជ័រកៅស៊ូអស់រយៈពេលជាច្រើនឆ្នាំមកនេះនៅមិនទាន់ល្អប្រសើរនៅឡើយ ដោយសារតែតម្រូវការអន្តរជាតិធ្លាក់ចុះ ដែលស្របតាមចរន្តសេដ្ឋកិច្ចនាប៉ុន្មានឆ្នាំចុងក្រោយនេះ។
ដើម្បីជាការលើកទឹកចិត្តដល់ការដាំដុះ និងក្រុមហ៊ុននាំចេញ រដ្ឋាភិបាលតាមរយៈអគ្គនាយកដ្ឋានគយ បានសម្រួលអត្រាពន្ធនាំចេញផលិតផល កៅស៊ូទៅទីផ្សារអន្តរជាតិរយៈពេល២ឆ្នាំចាប់ពី ថ្ងៃទី ១ ខែមករា ឆ្នាំ២០២៤ តទៅ។
កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានជាង ៤០ម៉ឺនហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានជាង ៣២ម៉ឺនហិកតា ឬស្មើនឹង៧៩ភាគរយ និងផ្ទៃដីថែទាំមានជាង៨ម៉ឺនហិកតា។ កម្ពុជាមានរោងចក្រកែច្នៃកៅស៊ូ និងមជ្ឈមណ្ឌលសិប្បកម្ម ចំនួន ១៦៨ទីតាំងក្នុងខេត្តចំនួន ១១ ។ កំពង់ធំគឺជាខេត្តដែលផលិតកៅស៊ូនាំមុខគេ តាមបន្តដោយខេត្តមណ្ឌលគិរីនិង ស្ទឹងត្រែង។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជារកចំណូលបានពីការលក់ផលិតផលកៅស៊ូ ជិត៥៣៨លានដុល្លារ។
គួរសម្គាល់ថា ទូទាំងពិភពលោក ថៃគឺជាប្រទេសផលិតកៅស៊ូធម្មជាតិដ៏ធំបំផុត នៅឆ្នាំ២០២៣ បន្ទាប់មក គឺ ប្រទេសឥណ្ឌូនេស៊ី វៀតណាម ចិន ឥណ្ឌា ម៉ាឡេស៊ី និង កម្ពុជា ។ ប្រទេសចិន បានបន្តជាអ្នកប្រើប្រាស់កៅស៊ូធម្មជាតិធំជាងគេ និងជាប្រទេសផលិតសំបកកង់ធំបំផុតដែរ ដោយទិន្នផលសំបកកង់ប្រចាំឆ្នាំរបស់ចិនមានចំនួនច្រើនជាងពាក់កណ្តាល នៃចំនួនសរុបទូទាំងពិភពលោក៕
ដោយ៖ទួន សុផល