មេដឹកនាំពិភពលោកថ្កោលទោសការវាយប្រហារ នៅសាលប្រគុំតន្ត្រីរុស្ស៊ី
បរទេស៖ អង្គការសហប្រជាជាតិ អាមេរិក ចិន អឺរ៉ុប និងបណ្តាប្រទេសជាច្រើនទៀតបានថ្កោលទោស ចំពោះការវាយប្រហារ នៅសាលប្រគុំតន្ត្រី ក្នុងប្រទេសរុស្ស៊ី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត នេះបើតាមអ្នកនាំពាក្យ លោក Farhan Haq ។ ប្រភពបន្តថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិថ្កោលទោសថា ជាការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាក។ គេបានជំរុញឱ្យរដ្ឋទាំងអស់ “សហការយ៉ាងសកម្ម” ជាមួយរដ្ឋាភិបាលរុស្ស៊ី និងអាជ្ញាធរដទៃទៀត ដើម្បីចាប់ជនល្មើស ទៅកាត់ទោស។
សេតវិមានរបស់អាមេរិក
ចាត់ទុកថា ជាការវាយប្រហារដ៏អាក្រក់ គួរឱ្យរន្ធត់ ជាខ្លាំង។ គេក៏បានរម្លឹកថា មុនការបាញ់ប្រហារនេះ អាមេរិកក៏បានព្រមានមុនដែរថា អាចនឹងការវាយប្រហារនៅកន្លែងប្រមូលផ្តុំ ក្នុងប្រទេសរុស្ស៊ី។
រីឯ ប្រធានាធិបតីចិន Xi Jinping បានថ្កោលទោសយ៉ាងខ្លាំង ហើយសង្កត់ធ្ងន់ថា ចិនប្រឆាំងគ្រប់ទម្រង់នៃអំពើភេរវកម្ម និងគាំទ្រយ៉ាងមុតមាំចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រុស្ស៊ី ដើម្បីការពារសន្តិសុខ និងស្ថិរភាពជាតិរបស់ខ្លួន។
សហភាពអឺរ៉ុបវិញ និយាយថា ខ្លួនមានការភ្ញាក់ផ្អើល និងតក់ស្លុតយ៉ាងខ្លាំងចំពោះការវាយប្រហារនេះ។ អ្នកនាំពាក្យអឺរ៉ុបបាននិយាយថា ប្លុកមួយនេះថ្កោលទោសរាល់ការវាយប្រហារលើជនស៊ីវិលរុស្ស៊ីទាំងអស់ ដែលរងផលប៉ះពាល់ ។
ក្រៅពីនេះ ក៏មានប្រទេសធំៗ រាប់សិបប្រទេសទៀត រួមទាំងនៅអាស៊ីផងដែរ សុទ្ធតែបានថ្កោលទោស។ គួរបញ្ជាក់ថា ពួករដ្ឋឥស្លាមសកម្មប្រយុទ្ធ IS ឬ ISIS បានប្រកាសថា ជាស្នាដៃរបស់ពួកគេ លើការបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែក នៅកន្លែងប្រគុំតន្ត្រី ក្នុងក្រុងមូស្គូ កាលពីថ្ងៃសុក្រ។ អ្នកស្លាប់កើនដល់ ១៣០នាក់ហើយ ចាប់ខ្លួនមនុស្ស ១១នាក់ គិតត្រឹមព្រឹកថ្ងៃទី២៤ ខែមីនានេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត