ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើលចំពោះអ្វីដែលលោក មាស រិទ្ធី បានលើកឡើង

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី មានការភ្ញាក់ផ្អើលចំពោះអ្វីដែលលោក មាស រិទ្ធី បានស្រង់ហើយផ្សព្វផ្សាយថា ឯកឧត្តម (ហ៊ុន ម៉ានី) បានប្រើពាក្យថា “ខ្ជិល” ក្នុងការឆ្លើយតបទៅនឹងសំណួរ ដែលសួរមកឯកឧត្តមថា តើរៀបចំអង្គរសង្ក្រាន្តទេឆ្នាំនេះ។ ឯកឧត្តមបានស្តាប់កិច្ចសម្ភាសរបស់គាត់ និងហួសចិត្តដែរថា តើលោក មាស រិទ្ធី មានបំណងយ៉ាងណាសម្រាប់ឯកឧត្តម តើគាត់មិនបានឮចម្លើយរបស់ឯកឧត្តមពេលយប់នោះ ឬចង់មានចេតនាប្រើពាក្យបែបនេះ ក្នុងបំណងទាញចំណាប់អារម្មណ៍ពីមហាជន។ នេះបើយោងតាមហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ានី នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរទៀតថា ខ្ញុំចង់យកឱកាសនេះបញ្ជាក់ថា បង មាស រិទ្ធី បានសួរខ្ញុំមែន “ថារៀបចំអង្គរសង្រ្កាន្តឆ្នាំនេះ” ហើយខ្ញុំក៏បានឆ្លើយតបថា “ទុកឱ្យរាជធានីខេត្តគេរៀបចំឆ្នាំនេះ”។ អ្វីដែលខ្ញុំហួសចិត្តពីករណីនេះគឺ៖ ទី១)ខ្ញុំគិតថាដោយសារការរាប់អានគ្នា គាត់សួរខ្ញុំ ប្រហែលជាការសួរនាំធម្មតា មិនមែនជាកិច្ចសម្ភាស ដើម្បីយកចម្លើយទៅផ្សព្វផ្សាយជាសាធារណៈនោះទេ អ៊ីចឹងបានខ្ញុំឆ្លើយតបដូច្នេះទៅគាត់ (និយាយលេងក្នុងការរាប់អានគ្នា) នេះក៏ជាមេរៀនសម្រាប់ខ្ញុំទៅថ្ងៃក្រោយដែរ មិនគួរដោយសារការរាប់អាន ទៅជាការបង្កើតបញ្ហាមួយដូច្នេះទេ ប្រហែលត្រូវគិតគូរច្បាស់លាស់ជាមុន សម្រាប់មនុស្សដែលហៅថារាប់អានគ្នា។ ទី២)មិននឹកស្មានថាពាក្យ “ឱ្យរាជធានីខេត្តគេរៀបចំទៅជាពាក្យថា “ខ្ជិលរៀបចំ” វិញនោះទេ។ ណ្ហើយចុះ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមមនុស្សមួយចំនួនតូច ដែលបានដឹកនាំរៀបចំតាំងពីមិនមានការស្គាល់ “អង្គរសង្ក្រាន្ត” មកដល់មានការស្គាល់ អ៊ីចឹងប្រហែលពាក្យថា “ខ្ជិល” រៀបចំអង្គរសង្ក្រាន្ត មិនត្រូវនោះទេ បើខ្ជិលប្រហែលមិនបានរៀបចំខួប១០ឆ្នាំនៅអង្គរសង្រ្កាន្តនោះទេ៕
ដោយ៖ពលជ័យ

ads banner