សម្តេចតេជោ ហ៊ុន សែន គ្រោងអញ្ជើញចូលរួមវេទិកាបូអាវ នៅក្នុងប្រទេសចិន (Video Inside)
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចូលរួមវេទិកាបូអាវប្រចាំឆ្នាំ រយៈពេលបីថ្ងៃ នៅក្នុងប្រទេសចិន តបតាមការអញ្ជើញរបស់អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់អាស៊ី លោក លី ប៉ោទុង។
វេទិកាបូអាវ ប្រព្រឹត្តទៅនៅក្នុងក្រុងហៃណាន បានចាប់ផ្តើមតាំងពីថ្ងៃទី២៦ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី២៩មីនា ប៉ុន្តែព្រឹត្តិការណ៍បើកប្រជុំពេញអង្គដ៏ធំបំផុត នឹងត្រូវធ្វើនៅថ្ងៃទី២៨មីនា។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញចាកចេញនៅថ្ងៃទី២៧មីនា ដោយមានការអញ្ជើញអមដំណើរ ដោយសមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ លោក ប្រាក់ សុខុន, អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ជំទាវ ចម និម្មល, រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លោក ហែម វណ្ណឌី និងឥស្សរជនជាន់ខ្ពស់មួយចំនួនថែមទៀត។
សម្តេចតេជោ គ្រោងនឹងចូលរួមថ្លែងសុន្ទរកថានៅក្នុងពិធីបើកសន្និសីទក្រោមមូលបទ «អាស៊ី និងពិភពលោក៖ បញ្ហាប្រឈម និងការទទួលខុសត្រូវរួម»។
សម្តេចតេជោ គ្រោងនឹងមានជំនួបជាមួយនឹងថ្នាក់ដឹកនាំជាន់ខ្ពស់ប្រទេសចិនផងដែរ រួមមាន លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន និងនាយឧត្តមសេនីយ៍ ហឺ វ័យ ទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការយោធាមជ្ឈឹមបក្ស និងលោក ណឹង ហ្វី លេខាធិការ នៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន។
សម្តេចតេជោ គ្រោងនឹងអញ្ជើញបំពេញទស្សនកិច្ច នៅបណ្ឌិតសភាវិទ្យាសាស្ត្រ កសិកម្មត្រូពិចចិន និងទីក្រុងអវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន លើការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា៕