សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូ អញ្ជើញមកដល់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមវេទិការបូអាវ នៅចិន ប្រកបដោយជោគជ័យ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅម៉ោងប្រមាណ ១១ព្រឹក ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់មាតុប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបញ្ចប់បេសកកម្មការងារ នៃការអញ្ជើញចូលរួមវេទិការបូអាវ ឆ្នាំ២០២៤ នៅក្រុងបូអាវ ក្នុង ខេត្តហៃណាន សាធារណៈរដ្ឋប្រជាមានិតចិន ប្រកបដោយជោគជ័យ ។

សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចាកចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី ២៧មីនា ដើម្បីចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវ សម្រាប់ អាស៊ី ។

ក្នុងសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ សម្រាប់អាស៊ី ធ្វើឡើងក្រោមមូលបទ «អាស៊ីនិងពិភពលោក៖ បញ្ហា ប្រឈម និងការទទួលខុសត្រូវរួម» បានបើកជាផ្លូវការនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ដោយលោក ចាវ ឡឺជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាង ប្រជា ជនចិន និងមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំរដ្ឋាភិបាល ធុរកិច្ច ស្ថាប័នសិក្សាស្រាវជ្រាវ អង្គការអន្តរ ជាតិ និងអង្គការតំបន់ រង្វង់ប្រមាណ ២,០០០នាក់ មកពីប្រទេស និងតំបន់ចំនួន៦០ ហើយអ្នកកាសែត ១,១០០នាក់ មកពី ៤០ប្រទេស និង តំបន់ផងដែរ។

ក្នុងសន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ សម្រាប់អាស៊ីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា ជាមួយនឹងវត្តមានជាង ២០ ឆ្នាំកន្លងមកនេះ វេទិកាបូអាវ សម្រាប់ អាស៊ី ត្រូវបានទទួលស្គាល់ថា ជាវេទិកាប្រកបដោយឥទ្ធិពលមួយ សម្រាប់ការរៀបចំរបៀប វារៈ ថ្នាក់ តំបន់ និងសកលលោក ដោយបានពាំនាំនូវសំឡេង និងបញ្ញាញាណរបស់អាស៊ី នៅក្នុងការដោះ ស្រាយបញ្ហាប្រឈមដ៏លំបាកនានា នៅក្នុងកិច្ចខិតខំប្រឹងប្រែង កសាងពិភពលោកមួយ ដែលមាន សន្តិ ភាព និងឈានទៅរកភាពកាន់តែប្រសើរសម្រាប់ទាំងអស់គ្នា។

នៅចំពោះមុខអ្នកចូលរួមរាប់ពាន់នាក់ សម្តេចតេជោ ហ៊ុន សែន បានលើកបញ្ហានានា ដែលកំពុងកើត មាន នៅលើពិភពលោក បង្កជាផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបានកើតមានទៅលើជនស៊ីវិលស្លូតត្រង់ ក៏ដូច ជា លើសេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ បញ្ហាដែលសម្តេច បានគូសរំលេចនោះ មានដូចជា៖ សង្គ្រាមនៅ អ៊ុយក្រែនបានឈានចូលដល់ឆ្នាំទីបី ហើយជាអកុសល មិនទាន់បានឃើញពន្លឺ នៃសន្តិភាពនោះឡើយ ។ រីឯសង្គ្រាមរវាងអីស្រាអែល និងក្រុមហាម៉ាស់ ក៏នៅតែបន្តបង្កឱ្យមានអ្នកស្លាប់ និងរបួសជាច្រើន។

សម្តេចតេជោ បានបង្ហាញក្តីពេញចិត្ត និងក្តីរីករាយ ចំពោះសកម្មភាពសម្រុះសម្រួល ឆ្លងប្រទេស យ៉ាង សកម្ម របស់ចិន ដើម្បីស្វែងរកបទឈប់បាញ់នៅអ៊ុយក្រែន។ សម្តេចតេជោ បានបង្ហាញការជឿជាក់ថា សកម្មភាពបែបនេះ នឹងក្លាយជាគំរូដ៏ល្អសម្រាប់តួអង្គដែលមានការទទួលខុសត្រូវផ្សេងទៀត នៃសហ គមន៍ អន្តរជាតិ នៅក្នុងការជួយពន្លឿនការចរចា និងឈានទៅសម្រេចបាន បទឈប់បាញ់ នៅក្នុងអ៊ុយ ក្រែន ក៏ដូចជានៅក្នុងតំបន់ផ្សេងទៀត នៃពិភពលោក ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម និង ជម្លោះ។

សម្តេចតេជោ ក៏បានទាញចំណាប់អារម្មណ៍ផងដែរថា តំបន់អាស៊ី ក៏មានចំណុចរំញោចជាច្រើន ដែលអាច ធ្វើឱ្យជម្លោះផ្ទុះឡើង ប្រសិនបើមេដឹកនាំនៅអាស៊ី មិនពិគ្រោះយោបល់ និងប្រាស្រ័យទាក់ទងគ្នា ដើម្បី ដោះ ស្រាយភាពខ្វែងគំនិតគ្នាប្រកបដោយខ្លឹមសារ និងការទទួលខុសត្រូវ។ ក្នុងសុន្ទរកថានោះ សម្តេចតេជោ បានកោតសរសើរប្រទេសចិន ចំពោះការទទួលបន្ទុក ក៏ដូចជាការទទួល ខុសត្រូវ ដ៏ធ្ងន់ នៅក្នុងតួនាទីជាអ្នកដឹកនាំសកល ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់បណ្ដាប្រទេស ចាប់ពីទ្វីបអាស៊ី, អាហ្វ្រិក រហូតដល់អាមេរិកឡាទីន។ គំនិតផ្តួចផ្តើម «ខ្សែក្រវ៉ាត់ និង ផ្លូវ» បានគាំទ្រដល់ ការ កសាងហេដ្ឋារចនាសម្ព័ន្ធសាធារណៈនៅក្នុងបណ្តាទ្វីបនានា។ សម្រាប់សម្តេចតេជោ ហ៊ុន សែន ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានទាំងនេះ គឺជាផ្នែកមួយមិនអាចខ្វះបាន សម្រាប់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍ និង កាត់បន្ថយភាពក្រីក្ររបស់ប្រជាជន នៃបណ្តាប្រទេសដែលជាភាគីទទួលផល រាប់ទាំង ប្រទេស កម្ពុជាផង។

ក្រៅពីអញ្ជើញចូលរួមវេទិកាខាងលើ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបពិភាក្សា ការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិន រួមមាន ៖ ឯកឧត្តម ចាវ ឡីជី ប្រធាន គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន, នាយឧត្តមសេនីយ៍ ហឺ វ័យទុង សមាជិកការិយាល័យនយោបាយមជ្ឈឹមបក្ស និងជាអនុប្រធានទី២ នៃគណៈកម្មាធិការ យោធាមជ្ឈឹមបក្ស និងឯកឧត្តម ហ្វឹង ហ្វី លេខាធិការនៃគណៈ កម្មាធិការបក្សកុម្មុយនីស្តចិន ខេត្តហៃណាន និងលោក ឈិន ចុង សមាជិកគណ:កម្មាធិការអចិន្ត្រៃយ៍គណ:កម្មាធិការបក្ស និងជាប្រធាន គ្រប់គ្រង់ទូទៅ នៃក្រុមហ៊ុនសាងសង់ទូរគមនាគមន៍ចិន (CCCC) ផងដែរ ។

ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញ បំពេញទស្សនកិច្ចនៅបណ្ឌិត សភា វិទ្យាសាស្ត្រកសិកម្មត្រូពិចចិន (CATAS) និងទីក្រុង អវកាសអន្តរជាតិ វិនឆាង ក្នុងគោលបំណង ជំរុញកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន លើ ការអភិវឌ្ឍវិស័យកសិកម្ម និងបច្ចេកវិទ្យា ៕

អត្ថបទ៖វណ្ណលុក, រូបភាព៖ FN, រូបវីដេអូ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner