សម្ពោធអគារការិយាល័យថ្មី និងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង ខួប៣ឆ្នាំ នៃក្រុមហ៊ុនអប្សរាមេឌាសឺវ៉ីស AMS
(ភ្នំពេញ)៖ ក្រុមហ៊ុន អប្សរា ព័ត៌មាន (AMG)បានបើក“ពិធីសម្ពោធអគារការិយាល័យថ្មី ពិធីអបអរសាទរខួប ៣០ឆ្នាំ នៃស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងខួប ៣ឆ្នាំ នៃក្រុមហ៊ុនអប្សរា មេឌា សឺវីស AMS” ដែលមានទីតាំងស្ថិតនៅអគារ C21 វិថីវិមានអាហារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
គួរបញ្ជាក់ថា ពិធីនេះបានរៀបចំឡើងនៅរសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដោយបានប្រព្រឹត្តិទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន អប្សរា ព័ត៌មាន ព្រមទាំងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង ស្ថាប័ន បុគ្គលិកក្រុមហ៊ុន ដៃគូសហការ អ្នកគាំទ្រ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។
ក្នុងពិធីសម្ពោធអគារការិយាល័យថ្មី ស្ថានីយវិទ្យុនិងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរាមេឌាសឺវីស (AMS)ការិយាល័យថ្មីរបស់ AMS និង ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ដែលមានកម្ពស់ ១៣ជាន់ គឺជាសមិទ្ធផលថ្មីកើតឡើងពីការគិតគូរដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ AMS និង AMG ដែលជានិច្ចកាលមិនត្រឹមតែរួមចំណែកក្នុងការផ្តល់ព័ត៌មាន “ពិត ត្រង់ ជឿជាក់បាន”និងមាតិកាសម្បូរបែបជូនដល់សាធារណជន និងរួមចំណែកក្នុងការលើកកម្ពស់កិត្យានុភាពជាតិទាំងក្នុងនិងក្រៅប្រទេសប៉ុណ្ណោះទេ តែក៏នៅបានគិតគូរចម្បងដល់ទីកន្លែងបំពេញការងារ បរិយាកាសការងារ និងសុខភាពរបស់មន្រ្តី បុគ្គលិកគ្រប់រូបរបស់ក្រុមហ៊ុន។ទន្ទឹមនេះក៏បង្ហាញពីការប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឱ្យស្របតាមបរិការណ៍បច្ចុប្បន្ន បើទោះបីមានបញ្ហាប្រឈមយ៉ាងស្រួចស្រាល់ជាមួយការរីកចម្រើនលូតលាស់យ៉ាងលឿននៃបច្ចេកវិទ្យាឌីជីថលក៏ដោយ ។
អគារការិយាល័យថ្មីរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និងក្រុមហ៊ុនអប្សរា មេឌា សឺវីស បានសាងសង់ឡើងដោយបំពាក់ជាមួយនឹងសម្ភារៈការិយាល័យទំនើប កន្លែងបំពេញការងារធំទូលាយ និងមានស្ទូតឌីយ៉ូ ផលិតកម្មវិធីវិទ្យុ-ទូរទស្សន៍ និងការផ្សាយផ្ទាល់ ដែលរៀបចំឡើងតាមស្តង់ដារបច្ចេកវិទ្យា Full-HD និងអាចផលិតជារូបភាព4K ដែលផ្តល់នូវសក្តានុពលខ្ពស់ក្នុងការលើកកម្ពស់អាជីវកម្មនៅកម្ពុជាឱ្យទាន់និន្នាការបច្ចេកវិទ្យា ជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោកផងដែរ។
ជាមួយនឹងពិធីសម្ពោធអគារថ្មីនេះដែរ ក្រុមហ៊ុន អប្សរា ព័ត៌មាន ក៏បានការប្រកាសដាក់ដំណើរការកម្មវិធីព័ត៌មានថ្មីរបស់ទូរទស្សន៍អប្សរាTV11 គឺ “អប្សរាយប់នេះ” ឬ “APSARA TONIGHT” ផ្សាយពីម៉ោង៧:០០នាទី ដល់ម៉ោង៨:០០នាទីយប់លើកញ្ចក់ទូរទស្សន៍អប្សរា ជាមាតិកាប្រកបកបដោយថាមពល និងជាចំណីអារម្មណ៍ប្លែកគួរឱ្យទុកចិត្ត សម្រាប់ប្រភពព័ត៌មានសម័យឌីជីថល។
លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយិកាក្រុមហ៊ុន អប្សរា ព័ត៌មាន បានបញ្ជាក់ថា អស់រយៈពេល ៣០ឆ្នាំមកហើយរាប់តាំងពីដើមទសវត្សន៍៩០ មកដល់បច្ចុប្បន្ន ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា បានឈរជើងឆ្លងកាត់ប្រវត្តិសាស្រ្ត រួមចំណែកជាមួយប្រជាជនកម្ពុជា ផ្សព្វផ្សាយ មាតិកាព័ត៌មាន អប់រំ កម្សាន្ត និងកីឡា យ៉ាងទូលំទូលាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយ វិទ្យុ (FM97 MHz & FM99 MHz) ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ (TV11)។
យើងបានឆ្លងកាត់ដំណាក់កាលសំខាន់ៗនៃប្រវត្តិសាស្រ្ត ជាពិសេសការប្រែប្រួល នៃសង្គម-សេដ្ឋកិច្ច នៃប្រទេសកម្ពុជា ដែលរហូតដល់ពេលនេះ យើងបានប្រែក្លាយប្រព័ន្ធផ្សាយទូរទស្សន៍ ពីSD មកFull-HD និងត្រៀមចូលឌីជីថល តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។យើងបានអភិវឌ្ឍការផ្សាយលើបណ្តាញសង្គមរួមមាន៖AMS Central, AMS TV11 តាមរយៈ Website,Facebook, Youtube, Ticktok,Telegram Channels,…។ល។ ដែលកំពុងធ្វើឱ្យអតិថិជន គាំទ្រច្រើន តាមរយៈការប្រើប្រាស់សេវាផ្សព្វផ្សាយ និងទីផ្សាររបស់ក្រុមហ៊ុន។ លើសពីនេះ យើងបានអភិវឌ្ឍន៍មាតិការផ្សាយជាបន្តបន្ទាប់តាមសភាពការណ៍ និងតម្រូវការអ្នកស្តាប់ និងអ្នកទស្សនា ឈរលើទិសស្លោក «អប្សរាដើម្បីប្រជាជន»។ការពិតជាក់ស្តែងថ្មីៗកន្លងទៅក្រុមហ៊ុនអប្សរា មេឌា សឺវីស បានសហការផ្សព្វផ្សាយព្រឹត្តិការណ៍ធំៗជាពិសេស កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការបោះឆ្នោតសកល និងអសកល។
លោកជំទាវ ឌិត នីតា បានបញ្ជាក់បន្ថែមថា ដោយមើលឃើញថាប្រព័ន្ធឌីជីថលបាននិងកំពុងមានការជឿនលឿន និងនិយមប្រើប្រាស់នាពេលបច្ចុប្បន្ន ក្រុមហ៊ុនអប្សរាមេឌាសឺវីស AMS បានបង្កើតឡើងនូវប្រព័ន្ធផ្សព្វផ្សាយទំនើបតាមបែបឌីជីថលឈ្មោះថា AMS កាលពីឆ្នាំ២០២០។ បណ្តាញផ្សព្វផ្សាយ AMS បានកសាងឡើងដោយបំពាក់ជាមួយនឹងសម្ភារបច្ចេកទេសស្របតាមបរិបទ និងគោលគំនិតនវានុវត្តន៍ ដូចនៅតាមបណ្តាប្រទេសជឿនលឿននានាលើសកលលោក ដើម្បីបំពេញតាមតម្រូវការរសជាតិថ្មី ដល់ទីផ្សារក្នុងស្រុកនាពេលបច្ចុប្បន្ន។
AMS ក្នុងរយៈពេល ៣ឆ្នាំមកនេះ បានក្លាយជាដៃគូរដ៏ចម្បង មិនអាចខ្វះបានសម្រាប់ការសហការផ្សព្វផ្សាយ ការរៀបចំនិងផលិកម្មវិធី ព្រឹត្តិការណ៍ធំៗ ជាមួយក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងឯកជន។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៏មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សម្បូរបែប និងមានអត្ថប្រយោជន៍ ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក ។
លោកជំទាវប្រធានក្រុមប្រឹក្សាភិបាល ក៏បានរំលឹកផងដែរថា ជោគជ័យ និងការវិវត្តរបស់ក្រុមហ៊ុនយើងខ្ញុំនាពេលកន្លងមក មិនអាចកាត់ផ្តាច់បានពីការគាំទ្រពី ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានអញ្ជើញជាអធិបតីនាថ្ងៃនេះ រួមជាមួយការគាំទ្រពីឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី នៃក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈ និងក្រុមហ៊ុនឯកជនទាំងអស់ ដែលមានទំនាក់ទំនងល្អ និងបានគាំទ្រជាដៃគូសហការផ្សព្វផ្សាយ ការឧបត្ថម្ភកម្មវិធី រួមទាំងមានជំនឿទុកចិត្តលើសេវាកម្មផ្សព្វផ្សាយរបស់ក្រុមហ៊ុនយើង។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងនូវការចូលរួមអបអរសាទរជាមួយក្រុមហ៊ុន អប្សរា ព័ត៌មាន ,ក្រុមហ៊ុន អប្សរា មេឌា សឺវីស AMS ដែលសម្រេចបាននូវសមិទ្ធផលថ្មីគឺអគារការិយាល័យដ៏ស្កឹមស្កៃ និងបំពាក់ទៅដោយសម្ភារៈ បច្ចេកវិទ្យាទំនើប ដែលជាលក្ខខណ្ឌដ៏ល្អសម្រាប់ មន្រ្តី បុគ្គលិកកំពុងបំពេញការងារ ក៏ដូចការប្រកួតប្រជែងក្នុងបរិបទឌីជីថល។
ឯកឧត្តមបានកត់សម្គាល់ដោយការកោតសរសើរចំពោះការចូលរួមប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈរបស់ស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា និង AMS នាពេលកន្លងមក និងក្នុងពេលបច្ចុប្បន្ន ពិសេសការចូលរួមនូវព្រឹត្តិការណ៍ធំៗជាប្រវត្តិសាស្រ្តរបស់ជាតិ តួយ៉ាងដូចជា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ ព្រឹត្តិការណ៍កីឡា SEA Game លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភានីតិកាលទី៥ ជាដើម ។
ឯកឧត្តមរដ្ឋមន្រ្តីបានលើកទឹកចិត្តដល់ស្ថានីយវិទ្យុ ទូរទស្សន៍អប្សរា និង AMS បន្តបេសកកម្មដ៏ថ្លៃថ្លារបស់ខ្លួនជាមួយនឹងអភិវឌ្ឍន៍ខ្លួនឱ្យទាន់បច្ចេកវិទ្យាទំនើប នៃសម័យឌីជីថល ។ ការផលិតនូវមាតិកាល្អៗបម្រើនូវចំណង់ចំណូលចិត្ត និងផ្តល់នូវចំណេះដឹងដល់សាធារណជន ។ រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងអនុវត្តចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
ក្រុមហ៊ុន អប្សរា ព័ត៌មាន មានបណ្ដាញផ្តល់ព័ត៌មានធំៗរបស់ខ្លួនជាច្រើន កំពុងបំពេញវិជ្ជាជីវៈប្រកបដោយក្រមសីលធម៌ ។ប្រកាន់ខ្ជាប់នូវពាក្យស្លោក “អប្សរាដើម្បីប្រជាជន” ចាប់តាំងពីពេលបង្កើតឡើងនាឆ្នាំ១៩៩៤ ក្រុមហ៊ុន អប្សរា ព័ត៌មាន មានស្ថានីយវិទ្យុអេហ្វអឹមចំនួន២ គឺវិទ្យុអប្សរា អែហ្វអេម97 មេហ្គាហឺត(FM97MHz) និងអប្សរា អែហ្វអេម 99មេហ្គាហឺត(FM99MHz) និងទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ។ វិទ្យុ និងទូរទស្សន៍អប្សរា ក៏មានគេហទំព័រ,ទំព័រហ្វេសប៊ុក និងបណ្ដាញទំនាក់ទំនងសង្គមមួយចំនួនទៀត។
សូមជំរាបថាផ្តើមចេញពីការរីកចម្រើន និងសម្របឱ្យទាន់នូវការលូតលាស់យ៉ាងលឿន នៃបច្ចេកវិទ្យាឌីជីថល Apsara Media Service (AMS) ក៏ត្រូវបានបង្កើតឡើងនៅឆ្នាំ២០២០។ AMS បានក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន ដ៍មានសក្តានុពល ក្នុងការបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សម្បូរបែប និងមានអត្ថប្រយោជន៍ព្រមទាំងផ្សារភ្ជាប់ជាមួយប្រជាជនគ្រប់លំដាប់ថ្នាក់ ទាំងក្នុងប្រទេស និងលើពិភពលោក។
AMS ផ្ដោតសំខាន់លើការផលិតមាតិកា និងផ្សព្វផ្សាយតាមរយៈប្រព័ន្ធឌីជីថល រួមមាន៖
- បណ្ដាញព័ត៌មានអប់រំ (AMS Education)
- បណ្ដាញព័ត៌មានសេដ្ឋកិច្ច (AMS Economy)
- បណ្ដាញព័ត៌មានអរិយធម៌ខ្មែរ (AMS Khmer Civilization)
- បណ្ដាញព័ត៌មានកីឡា (AMS Sports)
- បណ្ដាញព័ត៌មានកម្សាន្ត (AMS Infotainment)
- បណ្ដាញព័ត៌មានខ្លីខ្លឹមខ្លាំង (AMS One Minute)
ដើម្បីសម្រេចតាមទស្សនៈវិស័យរួម ជាក្រុមហ៊ុនបង្កើតAMS បានបង្កើតនូវមាតិកាព័ត៌មាន ធំទូលាយ សម្បូរបែប និងមានប្រយោជន៍សម្រាប់ប្រជាជនគ្រប់រូបជាច្រើនផ្សេងទៀត ដូចជា AMS Politico 360, AMS សច្ចធម៌ប្រវត្តិសាស្ត្រ ,កម្ពុជាមាតុភូមិខ្ញុំ ជាដើម៕
ដោយ ៖ ម៉ាដេប៉ូ