គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូត្រមន្ដលើករាសី ជួបសំណេះ សំណាលនិងផ្ដល់អំណោយដល់ព្រឹទ្ធាចារ្យកីឡា
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែ មីនានេះ គណៈកម្មាធិការជាតិអូឡាំពិក កម្ពុជាមបានរៀបចំពិធីជួបសំណេះសំណាលជាមួយអ្នកកីឡាជើងចាស់ និង សូត្រមន្តលើករាសីតាមទម្លាប់ដែលធ្លាប់ធ្វើរៀងរាល់ឆ្នាំ។
ពិធីនេះ បានរៀបចំឡើង ក្រោមការញ្ជើញចូលរួម ពីសំណាក ឯកឧត្តម ទេសរដ្ឋមន្រ្តី ថោង ខុនប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន មន្រ្តីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
កម្មវិធីនេះបានក្លាយជាទម្លាប់ប្រចាំឆ្នាំ សម្រាប់គណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា ក៏ដូចជាអង្គភាស្ថាប័នផ្សេងៗទៀតដែលប្រារព្ធធ្វើ ឡើងដើម្បីសុំសេចក្ដីសុខសេចក្ដីចម្រើន និងពរសព្វសាធុការ ពីទេវតាឆ្នាំថ្មី ដើម្បីរួមគ្នា អនុវត្តន៍ការងារបន្ដនៅឆ្នាំថ្មី ខាងមុខឲ្យសម្រេចបានជោគជ័យធំៗបន្ថែមទៀត។
សម្រាប់ជំនួបជាមួយព្រឹទ្ធាចារ្យកីឡា ដែលតែងតែធ្វើនេះ គឺជាការបណ្ដុះនូវផ្នត់ គំនិត សម្រាប់អ្នកជំនាន់ក្រោយ មិនត្រូវមើលរំលងមនុស្សចាស់ដែលជាឃ្លាំងនៃចំណេះ ដឹង និងបទពិសោធន៍សម្រាប់អ្នកជំនាន់ក្រោយនោះឡើយ ។
ជាមួយនឹងការសូត្រមន្តតាមប្រពៃណីព្រះពុទ្ធសាសនា នោះក៏មាន ការផ្ដល់វត្ថុអនុស្សាវរីយ៍ រួមនឹងថវិកាមួយចំនួន ដល់ព្រឹទ្ធាចារ្យកីឡាផងដែរ៕
រូបភាព ៖ ជីម ភារ៉ា
អត្ថបទ ៖ ជាវ ចន្ធូ