សម្តេចធិបតី ផ្តល់អនុសាសន៍ និងការវិភាគដ៏ស៊ីជម្រៅលើបញ្ហាប្រឈមនានាដែលសកលលោកកំពុងជួបប្រទះ និងផលបច្ច័យនៃភាពតានតឹងភូមិសាស្ត្រនយោបាយដល់ក្រសួងការបរទេស

អត្ថបទដោយ៖
ពលជ័យ

ថ្លែងក្នុងពិធីបិទសន្និបាតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអបអរសាទរ និងកោតសរសើរចំពោះសមិទ្ធផល ដែលក្រសួងការបរទេសសម្រេចបានក្នុងឆ្នាំ២០២៣ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួង។

សម្តេចធិបតី បានផ្តល់អនុសាសន៍ និងការវិភាគដ៏ស៊ីជម្រៅលើបញ្ហាប្រឈមនានាដែលសកលលោកកំពុងជួបប្រទះ និងផលបច្ច័យនៃភាព តានតឹងភូមិសាស្ត្រនយោបាយ ព្រមទាំងផ្តល់គោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់ និងទិសដៅគោល នយោបាយ សំដៅរក្សាផលប្រយោជន៍ស្នូលរបស់កម្ពុជា ដូចខាងក្រោម៖

  • ត្រូវពឹងផ្អែកទៅលើឧបករណ៍សំខាន់ពីរ យ៉ាងតិច ដើម្បីសម្រេចការងាររបស់ខ្លួន រួម មាន៖ (១) ការវិភាគយុទ្ធសាស្ត្រ និង (២) ការធ្វើផែនការយុទ្ធសាស្រ្តការទូត។
  • លើកទឹកចិត្តឱ្យក្រសួងរៀបចំ “សៀវភៅសស្តីពីគោលនយោបាយការបរទេស” សម្រាប់ ជាបន្ទាត់ក្នុងការអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។
  • ត្រូវពង្រឹងបន្ថែមនូវការលើកកម្ពស់ការងារការទូតសេដ្ឋកិច្ច និងវប្បធម៌ឱ្យកាន់តែទូលំ ទូលាយ សំដៅទាក់ទាញការវិនិយោគ ពង្រីកទីផ្សារសម្រាប់ផលិតផលជាតិ ផ្សព្វផ្សាយ សក្តានុពលទេសចរណ៍ និងបង្ហាញភាពសម្បូរបែបនៃវប្បធម៌និងអរិយធម៌ដ៏រុងរឿង របស់កម្ពុជា។
  • ត្រូវបន្តលើកទឹកចិត្ត ដោយផ្អែកលើគោលការណ៍គុណាធិបតេយ្យ សមិទ្ធផលនិង ប្រសិទ្ធភាពការងារ វិន័យ និងការប្តេជ្ញាបំពេញការងាររបស់មន្ត្រី។
  • កម្ពុជាប្រកាន់ជំហរធ្វើជាមិត្តជាមួយគ្រប់គ្នា ដោយមិនធ្វើការជ្រើសរើសរវាងភាគីណាមួយឡើយ និងមិនធ្វើសត្រូវជាមួយនរណាម្នាក់
  • ត្រូវអនុវត្តនយោបាយការបរទេសរកាន់តែមានភាពបុរេសកម្ម បត់បែន ថ្លឹងថ្លែង និង ឈ្លាសវៃបំផុត ដោយប្រកាន់យកនូវជំហរអព្យាក្រឹត្យអចិន្ត្រៃយ៍ ឯករាជ្យ និងផ្អែកលើច្បាប់ នៅក្នុងទំនាក់ទំនងជាមួយដៃគូទាំងអស់ ដើម្បីធានាថា អធិបតេយ្យភាព ឯករាជ្យភាព អព្យាក្រឹតភាព សេចក្តីថ្លៃថ្នូរ និងវិបុលភាពរបស់ជាតិយើង ត្រូវបានការពារ និងលើកកម្ពស់បន្ថែមទៀត ទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ។
  • ត្រូវប្រកាន់ខ្ជាប់នូវនយោបាយការបរទេសឯករាជ្យ ផ្អែកលើច្បាប់ និងតម្កល់ផល ប្រយោជន៍ស្នូលរបស់ជាតិ និងប្រជាជន ជាធំ។
  • បន្តជំរុញសកលភាវូបនីយកម្ម និងកិច្ចសហប្រតិបត្តិការពហុភាគីនិយម ដែលបើក ចំហ សេរី តម្លាភាព យុត្តិធម៌ បរិយាបន្ន និងផ្អែកលើច្បាប់អន្តរជាតិ ដោយមិនគាំទ្រ សកម្មភាពទាំងឡាយណាដែលមានចរិតលក្ខណៈគាំពារនិយម និងឯកតោភាគីនិយម។
  • ត្រូវបន្តប្រកាន់ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ទាំងឡាយដែល មានចែងក្នុងធម្មនុញ្ញ អង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងបទដ្ឋានដែលទទួលស្គាល់ជាសាកល ផ្អែកលើការគោរពគ្នាទៅវិញទៅមកចំពោះព្រះឯករាជ្យភាព អធិបតេយ្យភាព សមភាព បូរណភាពទឹកដី អត្តសញ្ញាណជាតិ និងសិទ្ធិដឹកនាំអត្ថិភាពជាតិ ដោយមិនមានការ ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ការធ្វើវិទ្ធង្សនា ឬការបង្ខិតបង្ខំ និងការដំណោះស្រាយ ជម្លោះដោយសន្តិវិធី៕
    ដោយ៖ពលជ័យ
    រូបភាព៖ ក្រសួងការបរទេស
ads banner