សម្តេចតេជោ ហ៊ុន សែន៖ លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយនិងធ្វើការជាងពាក់កណ្តាលជីវិត
អ្វីជាការកត់សម្គាល់ នៅក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរក្នុងញ្ជីវត្តមានតំណាងរាស្ត្រ ក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៧នៃរដ្ឋសភា ថា៖
«លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២ មេសា ឆ្នាំ២០២៤»។
ការប្រកាសលាចេញពីរដ្ឋសភា បានធ្វើឡើងមុនកិច្ចប្រជុំលើកដំបូងព្រឹទ្ធសភា នីតិកាលទី៥ ដែលសម្តេចនឹងធ្វើជាប្រធានព្រឹទ្ធសភាវិញម្តង នៅក្នុងខែមេសា ឆ្នាំ២០២៤។
គួរឱ្យដឹងថា រដ្ឋសភាបើកសម័យប្រជុំលើកទី២នីតិកាលទី៧នៅព្រឹកថ្ងៃទី១មេសា ឆ្នាំ២០២៤ នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ មានរបៀបវារៈចំនួនពីរ ក្នុងពេលបើកសម័យប្រជុំរដ្ឋសភាលើកទី២នីតិកាលទី៧នេះ ទី១- ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និងទី២-របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤៕
ដោយ៖ពលជ័យ