សំណេរសម្ដេចតេជោក្នុងបញ្ជីវត្តមានតំណាងរាស្ត្រ « លាហើយរដ្ឋសភា »
ភ្នំពេញ៖ ក្នុងបញ្ជីវត្តមានតំណាងរាស្រ្ត ក្នុងសម័យប្រជុំ លើកទី២ នៃរដ្ឋសភា នីតិកាលទី៧ នាថ្ងៃចន្ទទី១ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានសរសេរថា «លាហើយរដ្ឋសភា ដែលខ្ញុំអង្គុយ និងធ្វើការជាងពាក់កណ្តាលជីវិត ដំណាក់កាលទី១ ខែមិថុនា ១៩៨១ ដល់ខែឧសភា ឆ្នាំ១៩៩៣ ហើយនិងចាប់ពីថ្ងៃ១៤មិថុនា ឆ្នាំ១៩៩៣ ដល់ថ្ងៃទី២មេសា ឆ្នាំ២០២៤» ។
សូមជម្រាបថា នៅព្រឹកថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
សម័យប្រជុំរដ្ឋសភានាថ្ងៃនេះ មានរបៀបវារៈចំនួន២ រួមមាន៖ ១-ព្រះរាជសារព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ។ ២-របាយការណ៍សង្ខេបស្តីពី សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ នីតិកាលទី៧ ។
សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នឹងកាន់តំណែងជាប្រធានព្រឹទ្ធសភា បន្ទាប់ពីបោះឆ្នោតជ្រើសរើសសមាជិក ព្រឹទ្ធសភានីតិកាលទី៥នកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
ជាមួយគ្នានេះ កាលពីសប្ដាហ៍កន្លងទៅសម្ដេចវិបុលសេនាភក្តី សាយ ឈុំ , ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន , ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ត្រូវបានត្រាស់បង្គាប់តែងតាំង ជាឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ៕ ដោយ: វណ្ណលុក