បីខែដើមឆ្នាំ ទីផ្សារហ៊ុនខ្មែរធ្លាក់ចុះ១០លានដុល្លារក្នុងមួយថ្ងៃ

ភ្នំពេញ:ការជួញដូរហ៊ុនក្នុងរយៈពេលបីខែដើមឆ្នាំ២០២៤ នេះ ធ្លាក់ចុះក្នុងទំហំ ១០លានដុល្លារក្នុងមួយថ្ងៃ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ បើទោះបីការធ្លាក់នាពេលនេះហាក់ដូចជាកម្រក្នុងប្រវត្តិសាស្ត្រជួញដូរហ៊ុនរបស់កម្ពុជា ប៉ុន្តែ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកផ្សារមូលបត្រកម្ពុជា បានប្រាប់ទូរទស្សន៍អប្សរាថា បញ្ហានេះជារឿងធម្មតាក្នុងផ្សារហ៊ុន។

ឯកឧត្តម ពន្យល់ថា ការធ្លាក់ចុះនេះដោយសារតែវិនិយោគិនភាគច្រើនបន្តកាន់កាប់ហ៊ុនទុកក្នុងរយៈពេលយូរ ហើយមួយចំនួនទៀតមិនចង់លក់ដោយសារគិតថា ថ្លៃហ៊ុនបច្ចុប្បន្នវាថោកជាងតម្លៃពិតប្រាកដរបស់វា។ ក្នុងស្ថានភាពបែបនេះហើយ ទើបទំហំជួញដូរមានទំនោរធ្លាក់ចុះខ្លាំង ក្នុងបីខែចុងក្រោយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២៣។

«ការជួញដូរហ៊ុននេះ អាស្រ័យលើទីផ្សារអ្នកកំណត់ អ៊ីចឹងធម្មតានៅពេលដែលថ្លៃហ៊ុនធ្លាក់ចុះដល់កម្រិតមួយ នឹងមានអ្នកយល់ថាវាថោក ថោកល្មម ឬថោកពេក នឹងមានអ្នកចាប់ផ្តើមទិញឡើងវិញហើយ។ ដូច្នេះទីផ្សារនឹងដំណើរ។ ធម្មតាទេសម្រាប់គ្រប់វិស័យទាំងអស់ ដូចជា អចលនទ្រព្យក៏ដោយ ទីផ្សារហ៊ុនក៏ដោយ តែងតែមានការកើនឡើង និងធ្លាក់ចុះ រីឯថ្លៃក៏មានការកើនឡើង ឬធ្លាក់ចុះទៅតាមស្ថានភាពទីផ្សារ មានន័យថា ស្ថានភាពនៃតម្រូវការ និងការផ្គត់ផ្គងឬការលក់»។ នេះជាការបន្ថែមរបស់ឯកឧត្តម ហុង សុហួរ។

លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុ កត់សម្គាល់ថា ការធ្លាក់ចុះការជួញដូរហ៊ុននាពេលនេះ បណ្តាលពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកលអូសបន្លាយ អ្នកវិនិយោគ ប្រុងប្រយ័ត្នក្នុងការពង្រីកទុន។ លើសពីនេះ មនុស្សជាច្រើនកំពុងជាប់កម្ចីឥណទានមានទំហំធំ ដែលនេះជាពេលវេលាមួយត្រូវសម្រិតសម្រាំងសងត្រឡប់ទៅម្ចាស់កម្ចីវិញ។ លោកថា និន្នាការនេះកើតឡើងនៅគ្រប់ប្រទេសក្នុងស្ថានភាពដែលអ្នកលក់មានច្រើន អ្នកទិញមានតិច ហើយអ្នកទិញសូវមិនសូវមានទំនុកចិត្ត ដែលនាំឲ្យតម្លៃ និងទំហំជួញដូរដាំក្បាលចុះ។ យ៉ាងណាក៏ដោយ អ្នកវិភាគសេដ្ឋកិច្ចរូបនេះ លើកឡើងថា នេះអាចជារឿងល្អទៅវិញសម្រាប់ការវិនិយោគ ដែលមានចក្ខុវិស័យវែងឆ្ងាយ ។

ធនាគារ អេស៊ីលីដា ជាធនាគារពាណិជ្ជទី១ នៅកម្ពុជា ដែលចុះបញ្ជីភាគហ៊ុនជាមួយនឹងមូលធនូបនីយកម្មទីផ្សារសរុបចំនួន ប្រមាណ ១,៧៥ ប៊ីលានដូល្លាអាមេរិក នៅឆ្នាំ ២០២០។ ចំពោះការជួញដូរហ៊ុនធ្លាក់ចុះនាពេលនេះ មន្រ្តីធនាគារអេស៊ីលីដា បានប្រាប់ទូរទស្សន៍អប្សរាថា ពួកគេកំពុងរៀបចំកោះប្រជុំភាគហ៊ុននិក ដើម្បីធ្វើបច្ចុប្បន្នភាព នឹងបង្ហាញស្ថានភាពជាក់ស្តែងនៅក្នុងទីផ្សារភាគហ៊ុន ក៏ដូចជារបស់ធនាគាអេស៊ីលីដាផ្ទាល់តែម្តង។ លទ្ធផលនឹងបង្ហាញនៅពាក់កណ្តាលខែមេសានេះ។

កម្ពុជាបានបង្កើតក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ហៅកាត់ថា CSX នៅឆ្នាំ២០១១។ មកដល់ពេលនេះ មានក្រុមហ៊ុនចុះបញ្ជីជួញដូរមូលបត្រ ចំនួន ២២ ក្នុងនោះ ក្រុមហ៊ុន១១ បានចុះបញ្ជីជាភាគហ៊ុន និងចំនួន១១ទៀត បានចុះបញ្ជីជាសញ្ញាបន។ ក្រុមហ៊ុនទាំងអស់នោះ មកពីវិស័យខុសៗគ្នា ដូចជាសហគ្រាសសាធារណៈ កំពង់ផែ រដ្ឋាករទឹក វិស័យធនាគារ ក្រុមហ៊ុនទូរគមនាគមន៍ និងក្រុមហ៊ុនផ្សេងៗទៀត។ ឯកឧត្តម ហុង សុហួរ ឱ្យដឹងថា នឹងអាចមានក្រុមហ៊ុនចំនួន៥ទៀត ចុះបញ្ជីនៅឆ្នាំ ២០២៤នេះ។ ការជួញដូរហ៊ុនបើចំហចំពោះអ្នកវិនិយោគ និងសាធារណជនទូទៅដែលចង់បង្កើតប្រភពចំណូលរយៈពេលវែង៕
ដោយ: ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner