គោលឿនជិត១០០ក្បាលជួបគ្នាសាកកម្លាំងនៅខេត្តកំពង់ស្ពឺ
ភ្នំពេញៈហ្វូងគោមាឌធំៗ ជិត១០០ក្បាល កំពុងហាត់ពត់លត់ដំ ត្រៀមសាកកម្លាំងប្រណាំងល្បឿននៅទីលាននាភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលចំថ្ងៃអាទិត្យ ទី៧ខែមេសាខាងមុខនេះ។ មានការរំពឹងទុកថា គោរាងសង្ហាមាឌធំមាំទាំនឹងទាក់ទាញអ្នកទស្សនារាប់ពាន់នាក់។
លោក ស៊ុន មានជ័យ ប្រធាន មន្ទីរ វប្បធម៌ ខេត្ត កំពង់ ស្ពឺ ប្រាប់ទូរ ទស្សន៍ អប្សរាថា ពិធីនេះធ្វើឡើងដើម្បីអភិរក្សរទេះគោសាឡីដែលស្ទើរតែបាត់បង់ពីដែនដីខ្មែរ។
លោកលើកឡើងទៀត «គោលបំណងចម្បងគឺពិតហើយជាការ ថែរក្សា ការ អភិរក្ស ប្រពៃណី នៃ ការ ប្រណាំង រទេះសាឡីគោលឿន កុំ ឲ្យ មាន ការ បាត់ បង់ យើង ថែ ប្រពៃណី របស់ បង ប្អូន ប្រជាពលរដ្ឋ របស់ យើង។ ទី២ ក្រៅពី ការ អភិរក្ស យើង ធ្វើ ការ ផ្សព្វផ្សាយផងដែរ»។
រទេះ សាឡី មានរាងតូច ស្រាល ខុសពីរទេះគោធម្មតាដែលមានរាងធំ និងធ្ងន់។ ពលរដ្ឋសម័យបូរាណ និយម ប្រើប្រាស់ ជា យានជំនិះ ដោយ ទឹម ជាមួយ នឹង សត្វគោឬក្របី។ ចំណែកសម័យបច្ចុប្បន្ន មានគេប្រើ សម្រាប់ ដឹកជញ្ជូនបណ្ណាការក្នុងពិធីអាពាហ៍ពិពាហ៍។ នៅថ្ងៃប្រកួត រទេះទាំងនេះនឹងត្រូវបានតុបតែងលម្អ កំដរសត្វគោ រត់ប្រដេញប្រជែងយកតំណែងគោលឿនប្រចាំឆ្នាំ។
គោដែលចូលរួមប្រកួតមានកម្ពស់ចាប់ពី ១ម៉ែត្រ២តឹករហូតដល់១ម៉ែត្រ៨០ និងមានបណ្តោយខ្លួនរហូតដល់ទៅ២ម៉ែត្រ។ គោទាំងនេះមានដើមកំណើតនៅខេត្ត កំពង់ស្ពឺ និងកំពង់ចាម។ នេះបើយោងតាមលោក ខាត់ សុខៃ ប្រធានសមាគមន៍រទេះ។
ដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុ លោក ខាត់ សុខៃ បានបញ្ជាក់ប្រាប់ទូរទស្សន៍អប្សរាថា គណៈកម្មការរៀបចំ បាន ដាក់ វិធានការ ឲ្យ អ្នក បរ រទេះ ប្រុងប្រយ័ត្នចំពោះ គោរបស់ ខ្លួន និង មានត្រៀម ពេទ្យ សម្រាប់សង្រ្គោះបន្ទាន់ ផងដែរ។ នេះជាលើកទី១០ហើយដែលខេត្តកំពង់ស្ពឺរៀបចំប្រណាំងគោលឿននេះ៕
ដោយៈ សែន ដាវិត