ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាពិចារណាប្រើមនុស្ស បញ្ញាសិប្បនិម្មិតអានព័ត៌មាន
ភ្នំពេញៈការលេចចេញនូវមនុស្សបញ្ញាសប្បនិម្មិត (AI) ជាអ្នកអត្ថាធិប្បាយព័ត៌មានកំពុងតែទាញចំណាប់អារម្មណ៍ក្នុងចំណោមក្រុមហ៊ុនផលិតនិងផ្សព្វផ្សាយព័ត៌មាននៅប្រទេសកម្ពុជា។ ស្ថាប័នមួយចំនួនបានឲ្យដឹងថា ពួកគេកំពុងសិក្សាពីការប្រើមនុស្ស AI បន្ថែមពីលើអ្នកអានព័ត៌មានជាមនុស្សពិត។
កញ្ញា អ៊ុង ច័ន្ទសោភា នាយិកាព័ត៌មាននៃស្ថានីយទូរទស្សន៍ CNC និយាយថា AI អាចទាក់ទាញអ្នកទស្សនា រួមទាំងមានសមត្ថភាពអត្ថាធិប្បាយព័ត៌មានដ៏រស់រវើក។
កញ្ញា បានបញ្ជាក់ថា៖«យើងបានជជែកគ្នាហើយទាក់ទងនឹងការវិវត្តរបស់ AI ហ្នឹង។ យើងក៏បានថា AI ក៏អាចជំនួសកិច្ចការងារមួយចំនួននៅផ្នែកព័ត៌មាន ឬអ្នកអានព័ត៌មានអីហ្នឹង។ ប៉ុន្តែយើងគិតថា វាមានជ្រុងល្អ ត្រង់ថា AI នឹងជួយជំនួសការងារមួយចំនួន និងកាត់បន្ថយការចំណាយរបស់យើងដែរ។ នឹងអាចជួយឱ្យAI ជួយនិយាយព័ត៌មាននៅក្នុងច្រើនភាសា ដែលយើងគិត»។
យ៉ាងណាក៏ដោយ កញ្ញា អ៊ុង ច័ន្ទសោភា លើកឡើងថា AI មិនអាចលេបត្របាក់ការងាររបស់មនុស្សក្នុងវិស័យព័ត៌មានបានទាំងស្រុងនោះទេ។ កញ្ញាថា AI មិនអាចដឹកនាំកម្មវិធីដែលមានការជជែកស៊ីជម្រៅបានទេ ។ ដូច្នេះការងារខ្លះ នៅតែត្រូវការមនុស្ស តែទាមទារឲ្យមនុស្សអភិវឌ្ឍន៍សមត្ថភាពដើម្បីគ្រប់គ្រង AI។
ចំណែក លោក សៅ ភីរុណ អ្នកគ្រប់គ្រងព័ត៌មាននៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័នបានប្រាប់ទូរ ទស្សន៍អប្សរាដែរថា បច្ចុប្បន្នទូរទស្សន៍បាយ័ន ពុំទាន់មានលទ្ធភាពនៅឡើយទេក្នុងការប្រើប្រាស់មនុស្ស AI ។ ប៉ុន្តែលោកអះអាងថា ស្ថាប័នលោកបានតាមដានមើលអំពីការប្រែប្រួល និងព្យាយាមធ្វើទំនើបកម្មលើផ្នែកបច្ចេកវិទ្យានេះនៅពេលអនាគត ឱ្យវាស្រប និន្នាការក្នុងប្រទេសនិងសាកល។
ដូចគ្នាដែរ ស្ថានីយទូរទស្សន៍អប្សរា ក៏កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ផងដែរពីការវិវត្តនៃបច្ចេកវិទ្យានៅក្នុងវិស័យសោតទស្សន៍ និងទាញប្រយោជន៍ពី AI ដើម្បីពង្រឹងលើការផលិតនិងផ្សព្វផ្សាយមាតិកាដែលមានគុណភាព និងភាពទាក់ទាញ។
គួរសម្គាល់ថា ថ្ងៃនេះជាថ្ងៃដំបូងដែល ទូរទស្សន៍ Nation TV របស់ថៃ ចាប់ផ្តើមប្រើនារី AI ចំនួនពីរនាក់ឲ្យនិយាយព័ត៌មានជំនួសមនុស្ស។ មានឈ្មោះ Natcha និង Nitchan នារី AI ទាំងពីរត្រូវបានគេបង្កើតឲ្យរូបសម្រស់ស្រស់ស្អាត និងអាចនិយាយព័ត៌មានបានរលូន។ នៅអាស៊ី ទូរទស្សន៍ MBN របស់កូរ៉េខាងត្បូង បានបោះជំហានមុនគេនៅស៊ីដោយបានសាកល្បងដាក់នារី AI សក់ខ្លីឲ្យនិយាយព័ត៌មានកាលពីឆ្នាំ ២០២០។ បន្ទាប់មក នៅឆ្នាំ២០២៣ ទូរទស្សន៍ Odisha របស់ឥណ្ឌា បានបង្ហាញអ្នកអានព័ត៌មាន AI ឈ្មោះលីសាដែលនាងអាចនិយាយបាន ៧៥ ភាសា។
ឯកឧត្តម ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានមើលឃើញថា ការរីកចម្រើននៃវិស័យបច្ចេកវិទ្យាទំនើប បាននាំមកនូវកាលានុវឌ្ឍភាពថ្មីៗសម្រាប់វិស័យព័ត៌មាន និងប្រតិបត្តិករក្នុងវិស័យនេះ។ ដូច្នេះ ឯកឧត្តម យល់ថា ការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការអានព័ត៌មានជាជំនួយការមួយមានប្រសិទ្ធភាពក្នុងការងារព័ត៌មានសោតទស្សន៍។
យោងតាមគេហទំព័ររបស់ក្រុមហ៊ុន Rising Max ដែលមានជំនាញបង្កើតមនុស្ស AI និងមានមូលដ្ឋាននៅសហរដ្ឋអាមេរិកបានឲ្យដឹងថា Software សម្រាប់មនុស្ស AI អានព័ត៌មានមានតម្លៃចន្លោះពី ៤៥ ០០០ ដុល្លារ ដល់ ១០ម៉ឺនដុល្លារ៕
ដោយៈឡុង គីមម៉ារីតា