មហាសេដ្ឋី គិត ម៉េង បង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកណ្តាល

ភ្នំពេញអអ្នក ឧកញ៉ា គិត ម៉េង ម្ចាស់ក្រុមហ៊ុន Royal Group បានប្រកាស បង្កើតតំបន់សេដ្ឋកិច្ច ពិសេស ថ្មីមួយទៀត នៅ ខេត្តកណ្តាល ដែលលាត សន្ធឹង លើផ្ទៃដីជាង ១២០ ហិកតា ដើម្បីបំពេញតម្រូវការផ្នែកឧស្សាហកម្មនៅ ជុំវិញ រាជធានីភ្នំពេញ។
នៅពេលនេះតំបន់សេដ្ឋកិច្ចពិសេសដែលមានឈ្មោះថា Royal Group Kandal Special Economic Zone (RGKSEZ) បាន ចាប់ផ្តើមដំណើរការ ដោយ ចាក់ បំពេញដី ហើយការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគោលអាចនឹង ត្រូវបញ្ចប់នៅឆ្នាំ២០២៤នេះ ដើម្បីត្រៀមទទួលអ្នកវិនិយោគ។ នេះបើតាមប្រកាស របស់ក្រុមហ៊ុន Royal Group នាពេលថ្មីៗនេះ។
ដើម្បីតភ្ជាប់តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ ទៅនឹងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញដែលជាកម្មសិទ្ធិរបស់មហាសេដ្ឋីរូបនេះដែរនោះ ក្រុមហ៊ុន Royal Group បានសាងសង់ស្ពានថ្មីមួយឆ្លងស្ទឹងព្រែកត្នោតដែល បានសាងសង់រួចកាលឆ្នាំ២០២២។

ប្រភពពីក្រុមហ៊ុន ឱ្យដឹងថា ក្រុមហ៊ុនមួយដែលកំពុងមានប្រតិបត្តិការនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានកក់ដីទំហំ១០០ហិកតារួចហើយនៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកណ្តាលនេះ។ ក្រោយពីដំណើរការផលិតពេញលេញ តំបន់សេដ្ឋកិច្ចពិសេសថ្មីនេះ នឹងបង្កើតឱកាសការងារប្រមាណ ២ម៉ឺននាក់ថែមទៀតដល់ប្រជាជនខ្មែរ ។

អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា លឹម ហេង លើកឡើងថា ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ គឺដើម្បីទាក់ទាញអ្នកវិនិយោគចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ ក៏ដូចជា បង្កើតការងារជូនប្រជាពលរដ្ឋ។ លោកសម្គាល់ឃើញថា បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសមួយចំនួន ប្រែក្លាយពីឧស្សាហកម្មធុនស្រាលទៅជាឧស្សាហកម្មធុនធ្ងន់ ប្រកបដោយបច្ចេកវិទ្យាទំនើប។ លោកក៏ជំរុញឱ្យមានការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅតាមព្រំដែនឱ្យបានកាន់តែច្រើនផងដែរ។
 លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្មកម្ពុជា ចិន និងជាអ្នកតាមដានសេដ្ឋកិច្ច មើលឃើញថា តំបន់សេដ្ឋកិច្ចពិសេសជំរុញការនាំចេញក្នុងសម័យសេដ្ឋកិច្ចឌីជីថល។
«ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ស្របតាមយុទ្ធសាស្រ្តរដ្ឋាភិបាល ដើម្បីពិពិធកម្មសេដ្ឋកិច្ចពីការនាំចេញសម្លៀកបំពាក់ស្បែកជើងឬវ៉ាលី ហើយថ្មីៗនេះ យើងបានស្រូបទាញក្រុមហ៊ុនផលិតកង់ឡានរបស់ចិន ដែលវិនិយោគមានទំហំជាង១ពាន់លានដុល្លារអាមេរិក ដែលនេះជាម៉ូឌែលសេដ្ឋកិច្ចយើងអនុវត្តទទួលបានផ្លែផ្កានាពេលខាងមុខ»។
គិតត្រឹម ឆ្នាំ ២០២៣ កម្ពុ ជាមាន តំបន់ សេដ្ឋកិច្ច ពិសេស កំពុង ដំ ណើ រការ ចំនួន ២៤ ដោយមាន ទុនវិនិយោគ សរុបជិត ១០ពាន់ លាន ដុល្លារ ហើយ ភាគច្រើន ស្ថិតក្នុង វិស័យ កាត់ដេរ សម្លៀក បំពាក់ ស្បែកជើង សម្ភារ ធ្វើ ដំ ណើ រ វិស័យ គ្រឿង បង្គុំ រថយន្ត គ្រឿង អេឡិចត្រូនិក រោងចក្រផលិតសម្បកកង់ ឧស្សាហកម្ម ដំឡើងរថយន្ត និង កង់ ជាដើម៕
 ដោយៈទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner