សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់មន្ត្រី និងកងកម្លាំងតាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងឋានៈដល់មន្ត្រី និងកងកម្លាំងតាមបណ្តារាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញ តួនាទី និងភារកិច្ច ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈ ការធ្វើប្រតិភូកម្ម មុខងារទៅថ្នាក់ក្រោមជាតិកាន់តែច្រើន ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័ណ៌ ដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ ជាប្រទេសដែល មានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់ ។ ឈរលើស្មារតីនៃការលើកកម្ពស់ អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈដែលជាចំណុចស្នូលនៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាលបានផ្តល់តម្លៃ ជាអាទិភាពខ្ពស់ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញការអនុវត្តគោលនយោបាយវិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀតរបស់រាជរដ្ឋាភិបាល រួមមានអប់រំ និងសុខាភិបាល ។
ក្នុងន័យនេះ រាជរដ្ឋាភិបាល មានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និង អភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ហើយបំពេញការងារក្នុងជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចប្រតិបត្តិការរបស់ខ្លួន ទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្ត គោលនយោបាយ និងយុទ្ធសាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័សនៃសភាពការណ៍ សង្គម-សេដ្ឋកិច្ចទាំងក្នុងនិងក្រៅប្រទេស ។
សម្តេចធិបតី បានបន្តធ្វើការគូសបញ្ជាក់អំពីកិច្ចការអាទិភាព និងគោលបំណង យុទ្ធសាស្ត្រមួយចំនួនដែលមានចង្អុលបង្ហាញ ក្នុងយុទ្ធសាស្ត្របញ្ចកោណ និងទស្សនវិស័យរបស់រាជរដ្ឋាភិបាលពាក់ព័ន្ធនឹងការងារកែទម្រង់ ការលើកកម្ពស់អភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នសាធារណៈ ដែលរាជរដ្ឋាភិបាល បាននិងកំពុងបន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់ រួមមាន៖ (១) ការពង្រឹងនិងការកែទម្រង់ស្ថាប័នសាធារណៈ ដោយផ្តោតលើការកសាងរដ្ឋបាលសាធារណៈ ឱ្យមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជនឱ្យកាន់តែប្រសើរ និងឆ្លើយតបក្នុងលទ្ធភាពខ្ពស់បំផុតទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន (២) ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងារ ដោយផ្តោតលើ ការកសាងធនធានមនុស្សក្នុងវិស័យសាធារណៈទាំងនៅកម្រិតដឹកនាំ គ្រប់គ្រង និងប្រតិបត្តិ ឱ្យមានសមត្ថភាព ជំនាញ ឆន្ទៈម្ចាស់ការ និងក្រមសីលធម៌វិជ្ជាជីវៈ ស្របតាមតួនាទី និងការទទួលខុសត្រូវ ក្នុងការបំពេញការងារ នៅតាមអង្គភាពរបស់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ (៣) ការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ នៅក្នុងរដ្ឋបាលសាធារណៈ ដោយផ្តោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំ ភាពសុចរិត និងជំនឿ ទុកចិត្តចំពោះរដ្ឋបាលសាធារណៈ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ប្រកបដោយប្រសិទ្ធភាព បរិយាប័ន្ន និងចីរភាព (៤) ការលើកកម្ពស់ និងការពង្រឹងប្រសិទ្ធភាពនៃច្បាប់ ដោយផ្តោតលើការពង្រឹងគោលការណ៍ នីតិរដ្ឋដែលត្រូវគោរព និងអនុវត្តឱ្យបានម៉ឺងម៉ាត់ និងខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ការពង្រឹងការប្រយុទ្ធប្រឆាំងអំពើបំពានដោយអយុត្តិធម៌ក្នុងសង្គម និងការពង្រឹងជំនឿទុកចិត្តពីសាធារណជន មកលើរដ្ឋបាលសាធារណៈ ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានប្រកាសដំឡើងឋានៈដល់ ប្រធានមន្ទីរ ស្នងការនគរបាល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង មេបញ្ជាការកងរាជអាវុធហត្ថ តាមបណ្តា រាជធានី-ខេត្ត ឱ្យមានឋានៈស្មើប្រធាននាយកដ្ឋាន ដើម្បីជាការលើកទឹកចិត្តដល់ការខិតខំបំពេញតួនាទី និង ភារកិច្ច ស្របពេលការទទួលខុសត្រូវរបស់ខ្លួនកាន់ខ្ពស់ តាមរយៈការធ្វើប្រតិកម្មមុខងារទៅថ្នាក់ក្រោមជាតិ កាន់តែច្រើន។ យ៉ាងណាមិញ នីតិវិធីនៃការតែងតាំងត្រូវអនុលោមតាមនីតិវិធី និងបទដ្ឋានជាធរមាន ៕
អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ