សម្តេចធិបតីណែនាំភាពម៉ឹងម៉ាត់ និងម៉ត់ចត់ ក្នុងការជ្រើសរើសមន្ត្រីរាជការ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងមុខងារសាធារណៈ ត្រូវធ្វើការកែទម្រង់ឲ្យបានម៉តចត់បំផុត ចំពោះការប្រឡងជ្រើសរើសមន្រ្តីរាជការ ចូលបំរើនៅតាមក្រសួង ស្ថាប័ន នីមួយៗ ដោយត្រូវប្រកាន់ជំហរ «អ្នកចេះគឺជាប់»។
ប្រសាសន៍របស់សម្តេចធិបតី បានធ្វើឡើងនៅក្នុងពិធីបិទសន្និបាត របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយលើកឡើងថា ការធ្វើកំណែទម្រង់ គឺជាកត្តាចាំបាច់បំផុត ដោយត្រូវអនុវត្តជាប្រចាំ ហើយក៏ត្រូវធ្វើការសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ផងដែរ ដូចជាការប្រឡងមន្រ្តីរាជការជាដើម ដែលត្រូវតែម៉ត់ចត់ ដោយគ្មានការសូកប៉ាន់អ្វីនោះឡើយ។ សម្តេចធិបតីបានបញ្ជាក់ថា ការរើសមន្ត្រីចូលក្នុងក្រសួងគឺត្រូវរើសឱ្យចំជំនាញ។
នៅក្នុងពិធីបិទសន្និបាតរបស់ក្រសួងមុខងារសាធារណៈនោះផងដែរ សម្តេចធិបតីបានប្រកាសបន្តអនុវត្តនូវអភិក្រមទាំងប្រាំ គឺ «ឆ្លុះកញ្ចក់ ងួតទឹក ដុះក្អែល ព្យាបាល និងវះកាត់» ខណៈអភិក្រមទាំងប្រាំនេះ នៅតែមានតម្លៃសម្រាប់ដាស់តឿន ឲ្យមន្រ្តីគ្រប់កម្រិតពិនិត្យ កែលម្អខ្លួន ឲ្យសមជាមន្រ្តីបម្រើរាស្រ្ត៕