នាយករដ្ឋមន្ត្រីជប៉ុនអបអរសាទរសម្តេចតេជោជ្រើសរើសជាប្រធានព្រឹទ្ធសភា (Video Inside)
នាយករដ្ឋមន្ត្រីជប៉ុនបានផ្ញើសារលិខិតអបអរសាទរជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសសម្តេចត្រូវបានបោះឆ្នោតជ្រើសរើស ជាប្រធានព្រឹទ្ធសភា នីតិកាលទី៥។
លិខិតទើបទទួលបាននាថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ របស់នាយករដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា ហ៊្វូមីអូ បានសរសេរថា «ខ្ញុំសូមចូលរួមអបអរសាទរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលត្រូវបានតែងតាំងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា»។
នាយករដ្ឋមន្ត្រីជប៉ុនបានបញ្ជាក់ថា លោក «មានសេចក្តីសោមនស្សរីករាយ ដែលមានកិច្ចសហប្រតិបត្តិការទ្វេភាគី ក្រោមភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ដែលសម្តេចតេជោ និងរូបលោក «បានព្រមព្រៀងគ្នា កាន់តែមានភាពរីកចម្រើនឥតឈប់ឈរ ដែលក្នុងនោះមិនត្រឹមតែលើវិស័យសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើវិស័យថ្មីៗ ដូចជាវិស័យសន្តិសុខ ឌីជីថល និងព័ត៌មានវិទ្យាផងដែរ »។
សារលិខិតរបស់លោក គីស៊ីដា ហ៊្វូមីអូ បានបង្ហាញក្តីរំពឹងថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ការផ្លាស់ប្តូររវាងស្ថាប័ននីតិបញ្ញតិ នៃប្រទេសទាំងពីរ នឹងកាន់តែអភិវឌ្ឍបន្ថែមទៀត»។
សារលិខិតរំពឹងទៀតថា មិត្តភាពរវាងប្រទេសទាំងពីរ ត្រូវបានគាំទ្រតាមរយៈការផ្លាស់ប្ដូរ ដែលមិនត្រឹមតែរវាងរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែក៏មានរវាងស្ថាប័ននីតិបញ្ញតិ វិស័យឯកជន និងរវាងប្រជាជន និងប្រជាជនផងដែរ។