សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម
ភ្នំពេញ៖ សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ កើត សារ៉ាយ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា ពាក់ព័ន្ធករណីញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ការឃាត់ខ្លួននេះ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា បានបញ្ជាក់ប្រាប់ AMS នៅរសៀលថ្ងៃទី៦ ខែមេសានេះថា ពាក់ព័ន្ធសមត្ថកិច្ច នៃនងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ គឺអនុវត្តទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក សៀង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ករណីនេះ គឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ដែលបុគ្គលរូបនេះជាប់ពាក់ព័ន្ធនឹងបញ្ហាផ្តល់ព័ត៌មានសម្ភាសន៍ ថតរូបភាពវីដេអូមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារ។ អ្វីដែលជាសកម្មភាពរបស់គាត់ដែលធ្វើសកម្មភាពផ្តល់កិច្ចសម្ភាសន៍ និងផ្តល់រូបភាពសម្ភាសន៍ប្រជាពលរដ្ឋមួយចំនួនពាក់ព័ន្ធវិវាទដីធ្លីនៅក្នុងខេត្តព្រះវិហារនោះ ធ្វើឡើងជំរុញឱ្យមានការញុះញង់ រើសអើង និងបង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម។
អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “ពាក់ព័ន្ធការចាប់ឃាត់ខ្លួនឈ្មោះ កើត សារ៉ាយ នេះ គឺក្នុងន័យដែលគាត់មានចេតនាញុះញង់ឱ្យប្រជាពលរដ្ឋខឹងសម្បារជាមួយនឹងរាជរដ្ឋាភិបាល។ ថែមទាំងបានផ្តល់ព័ត៌មានទៅដល់សារព័ត៌មាននៅខាងក្រៅដែលមានការបំភ្លៃព័ត៌មានខុសពីការពិតពាក់ព័ន្ធនឹងបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារកាលពីពេលកន្លងទៅថ្មីៗ។ យើងឃាត់ខ្លួនចោទប្រកាន់ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងមិនរាងចោល។ បុគ្គលឈ្មោះ កើត សារ៉ាយ នេះ កំពុងតែសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការទទៅតាមផ្លូវច្បាប់។”