សម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន-អង្គភាពស៊ីវិល និងកងទ័ព បង្ហាញឱ្យឃើញពីការជួយគ្នាទៅវិញទៅមក និងបន្តគាំទ្រដល់សមរភូមិមុខជាដរាប
(កំពង់ឆ្នាំង)៖ ការចងសម្ព័ន្ធមេត្រីភាពរវាងស្ថាប័ន អង្គភាពស៊ីវិល និងកងទ័ព មានអត្ថន័យធំធេងណាស់ គឺបង្ហាញឱ្យឃើញកាន់តែច្បាស់ពីស្មារតីសាមគ្គីភាព មនោសញ្ចេតនា និងការជួយគ្នាទៅវិញទៅមក ហើយការជួបគ្នានេះ នឹងក្លាយជាប្រពៃណីដែលនឹងបន្តគាំទ្រដល់សមរភូមិមុខជាដរាប ។ នេះជាការថ្លែងរបស់ឯកឧត្តម យឹម លាត ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា នារសៀលថ្ងៃទី៥មេសា ក្នុងឱកាសដឹកនាំគណប្រតិភូធនាគារនៃកម្ពុជាតិ ចុះសួរសុខទុក្ខ និងនាំយកអំណោយជូនកងពលធំអន្តរាគមន៍លេខ១ ឈរ
ជើងក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-07_14-35-19-1024x682.jpg)
ឯកឧត្តម យឹម លាត បានថ្លែងថា៖ នេះមិនមែនជាលើកទី១ នោះទេ ដែលថ្នាក់ដឹកនាំមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា បានមកជួបជាមួយកងពលតូចអន្តរាគមន៍លេខ១ ហើយកិច្ចការនេះ ក្នុងឋានះជាអង្គភាពសម្ពន្ធ័មេត្រីភាព គឺបានចុះមកជួបជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៦ មក ទាំងនៅទីបញ្ជការរបស់កងពលនៅលង្វែក និងទាំងនៅទីបញ្ជាការជួរមុខទិសអូរតាថាវ តំបន់ប្រាសាទព្រះវិហារ គឺតែងតែបានផ្សាភ្ជាប់ មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខទុក្ខ ជាហូរហែរពិសេស ក្នុងអំឡុងពេលបុណ្យទានដូចបុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ជាដើម។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-07_14-35-21-1024x682.jpg)
ក្នុងឱកាសនោះឯកឧត្ដមក៏បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា និងកោតសរសើរដល់ ឯកឧត្តមមេបញ្ជាការ មេបញ្ញាការរង នាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ១ទាំងអស់ ដែលកន្លងមកបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារបូរណភាពទឹកដី និងប្រជាជាតិយើងទាំងមូល ឱ្យរស់នៅដោយភាពសុខសាន្តរបស់ប្រទេសនិងប្រជាជន ។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-07_14-35-23-1024x682.jpg)
ឯកឧត្តម យឹម លាត បានបន្តថា÷ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរ ធិបតី នាយករដ្ឋមន្ត្រី នៅតែបន្តណែនាំស្ថាប័ន អង្គភាពស៊ីវិល ផ្សាភ្ជាប់ជាមួយកងទ័ពដែលសកម្មនេះបានបញ្ជាក់ឲ្យឃើញច្បាស់ថា ជីវភាពកងទ័ព នៅតែជាការគិតគូរជានិច្ច បើទោះបីជាសម្តេចមមាញឹកក្នុងការងារក៏ដោយ ហើយសកម្មភាពរបស់យើងទាំងអស់គ្នា បានបង្ហាញពីការសាមគ្គីគ្នា ការស្រឡាញ់គ្នា ចេះជួយយកអាសាគ្នា ជាពិសេស ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការងារ ដើម្បីត្រៀមទប់ទល់ជាមួយសត្រូវដែលមានបំណងអាក្រក់មកលើយើង ព្រមទាំងរក្សាឱ្យបាននូវសុខសន្តិភាពទូទាំងប្រទេស។
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-07_14-35-25-1024x682.jpg)
អំណោយរបស់ធនាគារជាតិនៃកម្ពុជា ដែលនាំយកទៅប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ១នាពេលនោះ រួមមាន÷ ថវិកាចំនួន ១២លានរៀល, ទឹកសុទ្ធ ១០០កេស ,ទឹកផ្លែឈើ និងទឹកក្រូច ១០០កេស ស្រាបៀ ១០០កេស រួមនឹងនំធុង និងស្ករគ្រាប់មួយចំនួនទៀត ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត
![](https://asset.ams.com.kh/central/media/2024/04/photo_2024-04-07_14-35-26-1024x682.jpg)