ប្រណាំងរទេះសាឡីគោលឿន នៅខេត្តកំពង់ស្ពឺ ឆ្នាំនេះមានរទេះគោចំនួន ៥០ចូលរួមនិងបានទទួលការចាប់អារម្មណ៍កាន់តែច្រើនពីពលរដ្ឋកម្ពុជា

(ខេត្តកំពង់ស្ពឺ)៖ រទេះគោចំនួន ៥០ដែលក្នុងនេះមានទាំងប្រភេទរទេះគោធំ និងគោតូចបានចូលរួមប្រកួតមកពីបណ្តាខេត្តមួយចំនួននៅក្នុងប្រទេសកម្ពុជា ។ ពិធីនេះដែរ ប្រារព្ធឡើងស្ទើរជារៀងរាល់ឆ្នាំដែលមានរយៈពេល ១០ឆ្នាំមកហើយ ក្នុងគោលបំណងចូលរួមអភិរក្ស និងផ្សព្វផ្សាយកាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ។

ពិធីនេះដែរ ប្រារព្ធឡើងនៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ២០២៤ស្ថិតក្នុងភូមិព្រៃរំដួល ឃុំត្រពាំងគង ស្រុកសំរោងទងក្នុងគោលបំណងចូលរួមអភិរក្ស លើកស្ទួយ អភិវឌ្ឍ និងផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយស្របតាមបរិបទនៃសង្គមបច្ចុប្បន្ន នូវប្រពៃណីប្រណាំងរទេះសាឡីគោលឿន នៅក្នុងខេត្តកំពង់ស្ពឺ ដែលបុព្វបុរសខ្មែរបានបន្សល់ទុកជាយូរណាស់មកហើយ ។

ប្រធានមន្ទីរវប្បធម៌ខេត្តកំពង់ស្ពឺ លោក ស៊ុន មានជ័យបានថ្លែងឱ្យដឹងថាការប្រណាំងរទះសាឡីគោលឿននេះគឺជាលើកទី១០ហើយ និងពិធីនេះប្រារព្ធធ្វើឡើងដើម្បីចូលរួមអភិរក្ស និផ្សព្វផ្សាយ កាន់តែទូលំទូលាយនូវប្រពៃណីប្រណាំងរទេះសាឡីគោលឿនដើម្បីលើកស្ទួយនូវប្រពៃណីដូនតាខ្មែរយើងតាំងតែពីបុរាណកាលមក។

លោកបានបញ្ជាក់ថា ”ពីមួយឆ្នាំទៅមួយឆ្នាំកំណើននៃរទេះគោចូលរួមប្រកួតប្រជែងបានកើនឡើងជាលំដាប់ ។ សម្រាប់នៅឆ្នាំនេះមានរទេះគោចំនួន៥០ បានមកចូលរួមប្រកួតប្រជែង ។ ក្រៅពីនេះក៏នៅមានបងប្អូនជាច្រើនទៀតបានសុំចូលរួមប្រកួតប្រជែងផងដែរ។សម្រាប់ឆ្នាំក្រោយៗទៀតជឿជាក់ថាកំណើននេះនឹងមានច្រើនបន្ថែមទៀត”។

លោកបានប្រាប់ដែរថា សម្រាប់ការប្រកួតប្រជែងនេះគេបានធ្វើការបែងចែកជា២ផ្នែកគឺការប្រណាំរទេះសំឡីគោលឿនខ្នាតធំ និងរទេះសំឡីគោលឿនខ្នាតតូច ។ សម្រាប់រទះសាឡីគោលឿនខ្នាតធំមានចំនួន ២១គូ ក្នុងនេះមកពីខេត្តកំពង់ស្ពឺ ១១គូ មកពីភ្នំពេញ ៥គូ កំពង់ចាម ១គូ កណ្តាល៣គូ ។ ដោយឡែករទះសាឡីគោលឿនខ្នាតតូចមានចំនួន ២៩គូក្នុងនោះមកពីខេត្តកំពង់ស្ពឺ ១៥គូ ភ្នំពេញ ២គូ កំពង់ចាម ១គូ និងកណ្តាល ១១គូ ។

លោក សរ សុពុត្រា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ស្ពឺបានឱ្យដឹងថាការប្រណាំងរទះសាឡីគោលឿននេះគឺធ្វើឡើងចង់រំលឹកដល់ដូនតាខ្មែរដែលបានកសាងនូវព្រឹត្តិការណ៍មួយនេះនាកន្លងមក។ពិធីប្រណាំងរទះសាឡីគោលឿននេះជាទំនៀមទំលាប់នៃវប្បធម៌ជាតិរបស់យើងដែលមានតាំងតែពីយូយារណាស់មកហើយ ។

លោកបានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងរទះសាឡីគោលឿនវាបានបង្ហាញនូវវប្បធម៌ដ៏ផូរផង់របស់ខ្មែរដែលមានតាំងតែពីបុរាណកាលមក និងយើងគ្រប់គ្នាត្រូវតែអភិរក្សដើម្បីកេរ្តិ៍មរតកដល់កូនចៅជំនាន់ក្រោយក៏ដូចជាទាក់ទាញវិស័យទេសចរណ៍ផងដែរ ។

គួរបញ្ជាក់ថាក្នុងព្រឹត្តិការប្រកួតប្រជែងនេះសម្រាប់រទេះគោខ្នាតធំបានឈ្នះរង្វាន់ចាប់ពីលេខ ១ ដល់ លេខ ៣ និងរទេះគោខ្នាតតូចអ្នកឈ្នះរង្វាន់លេខ ១ស្ទួនមាន ២នាក់ និងលេខ៣ម្នាក់។សម្រាប់រង្វាន់លួងចិត្តមានលេខ ៤ និងលេខ ៥ផងដែរ ៕

អត្ថបទ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោកគ្រីសម្បត្តិ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner