ក្រសួងធម្មការ និងសាសនា រៀបចំពិធី អបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ ៨ មេសា និងមហាសង្ក្រាន្តឆ្នាំថ្មី

(ភ្នំពេញ)៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា និងលោកជំទាវ សូ ភត្រ្តា អញ្ជើញអបអរសាទរទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា នៃ កម្ពុជា និងមហាសង្ក្រាន្ត ឆ្នាំថ្មី ដែលរៀបចំនៅក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២៤ ដោយមានការយាងនិមន្តនិងអញ្ជើញចូលរួមពីសំណាក់ សម្តេចសង្ឃរាជទាំង ២គណៈ តំណាងក្រសួង ស្ថាបនទាំង ៣០ និងបណ្តាអង្គទូតប្រចាំ កម្ពុជា ។

ទិវាពុទ្ធសាសនាអន្តរជាតិ៨មេសា ឆ្នាំ២០២៤នាឆ្នាំនេះ ក្រោមប្រធានបទ” សាមគ្គីភាពព្រះពុទ្ធសាសនា ដើម្បីសន្តិភាពពិភពលោក” បង្ហាញពីតម្លៃមហាសាលនៃព្រះពុទ្ធសាសនា សកលលោកទាំងមូលពិតជាត្រូវការមូលដ្ឋានគ្រឹះនៃទ្រឹស្តីសាកលប្រកបដោយខ្លឹមសារ របស់ព្រះពុទ្ធសាសនា ពោលគឺ សុខសន្តិភាពផ្លូវចិត្ត សម្រាប់សុភមង្គលរបស់មនុស្សជាតិទាំងអស់ ។

ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា ការប្រារព្ធទិវាពុទ្ធសាសនាអន្តរជាតិ៨ មេសានេះ គឺដើម្បីរំលឹកនូវព្រះរាជបូជនីយកិច្ចដ៏ឧដុង្គឧត្តមថ្លៃថ្លារបស់ព្រះករុណា ព្រះមហាក្សត្រ កម្ពុជា ដែលទ្រង់បានបំពេញព្រះរាជកិច្ចដ៏ខ្ពង់ខ្ពង់បំផុតចំពោះជាតិ មាតុភូមិនិងព្រះពុទ្ធសាសនារបស់ កម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកឡើផងដែរថា ក្រសួងធម្មការនិងសាសនា បានយកចិត្តទុកដាក់ក្នុងការអភិរក្សទំលាមទំលាប់ ប្រពៃណី ពិសេសលើវិស័យអប់រំផ្នែកពុទ្ធិកសិក្សានៅគ្រប់កម្រិត និងការបោះពុម្ពផ្សព្វផ្សាយគម្ពីរក្បួនច្បាប់នានាជាដើម។

ឯកឧត្តម ចាយ បូរិនបានបញ្ជាក់បន្ថែមថា ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងធម្មការនិងសាសនា និងខិតខំធ្វើយ៉ាងណាឲ្យគ្រប់សាសនាទាំងអស់នៅកម្ពុជា មានសន្តិភាពភាពសាសនា ពិសេសសុខដុមរមនាវិស័យព្រះពុទ្ធសាសនា ។

ក្នុងឱកាសនោះ ក៏មានរៀបចំពិធីរាប់បាតថ្វាយ និងប្រគេន សម្តេចសង្ឃរាជទាំង ២គណៈ ព្រះមន្រ្តីសង្ឃ ព្រះសង្ឃ ចំនួន ៧២ព្រះអង្គផងដែរ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner