សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ក្រសួងផែនការ មានតួនាទីសំខាន់ ក្នុងការសម្រប សម្រួល ការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ

(ភ្នំពេញ)៖ ក្រសួងផែនការ មានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ ។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា ថ្លែង ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើក ទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រសួងផែនការ មានតួនាទីជាសេនាធិការដ្ឋានដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួលការរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងផែនការវិនិយោគសាធារណៈ មានជាអាទិ៍ ១. ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ សម្រាប់ អនុវត្តគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា រួមទាំង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, គោលដៅ និងអនុសញ្ញាសកលនានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន ។ ២. កម្មវិធីវិនិយោគ ៣ ឆ្នាំរំកិល ក៏ជា ឧបករណ៍សម្រាប់អនុវត្តគោលនយោបាយអាទិភាពជាតិ ដែលមានចែងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ និងជា ធាតុចូលសម្រាប់ការរៀបចំក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម ក្របខ័ណ្ឌថវិការយៈពេលមធ្យម និងជាច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ ។ ៣. គោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា និង របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត សម្រាប់អនុវត្តគោលដៅ និងអនុសញ្ញាសាកលដែលកម្ពុជា បានផ្តល់សច្ចាប័ន ។ ៤. កម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទូលំទូលាយ សម្រាប់ជួយដល់គ្រួសារក្រីក្រ និងជនងាយរងហានិភ័យ តាមរយៈកម្មវិធីគាំពាំសង្គម និងសុខភាព ការងារ អត្តសញ្ញាណគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ការងារលើកកម្ពស់អាហារូបត្ថម្ភ ។ ៥. ការងាររៀបចំ និងគ្រប់គ្រងប្រព័ន្ធទិន្នន័យជាតិ ព្រមទាំងផលិត និងផ្សព្វផ្សាយស្ថិតិជាតិលើវិស័យចម្បងៗ រួមមាន ស្ថិតិប្រជាសាស្ត្រ សេដ្ឋកិច្ច សុខភាព សង្គមកិច្ច និងកសិកម្ម សម្រាប់ក្រសួង-ស្ថាប័ននានា ប្រើប្រាស់ក្នុងការរៀបចំផែនការ អភិវឌ្ឍ និងការតាមដានត្រួតពិនិត្យតាមវិស័យរបស់ខ្លួន និងលើការងារប្រជាជន និងការអភិវឌ្ឍ ។

សម្ដេចនាយករដ្ឋមន្ត្រី បានបន្តថា ក្រសួងផែនការ ក៏ជាសេនាធិការដ្ឋានរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងសម្របសម្រួលការងារក្នុងបរិការណ៍ អន្តរជាតិជាច្រើនទៀត រួមមាន៖ ការងារគោលដៅអភិវឌ្ឍប្រកបដោយចីរភាព ការងារពង្រឹងនិងតាមដាន ការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងការអភិវឌ្ឍ ព្រមទាំងការងាររៀបចំការចាកចេញ របស់កម្ពុជាពីចំណាត់ក្រុមប្រទេសអភិវឌ្ឍតិចតួច ក្នុងនោះ សាលាជាតិផែនការ និងស្ថិតិ គឺជាមជ្ឈមណ្ឌល បណ្តុះបណ្តាលធនធានមនុស្សមួយដ៏មានសារៈសំខាន់លើវិស័យផែនការ ស្ថិតិ និងប្រជាសាស្ត្រ ដែលស្របនឹង គោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍមូលធនមនុស្ស ហើយបានដើរតួនាទីថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ក្នុងការបំប៉នបន្ថែម និងសម្រួចចំណេះដឹង និងជំនាញដែលខ្វះខាត ឱ្យស្របតាមតម្រូវការ ចំណេះដឹង និងជំនាញជាក់ស្តែងរបស់មន្ត្រីរាជការក្នុងបរិការណ៍បច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងដំណើរការ នៃការអនុវត្តកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈស្របតាមបាវចនា និងគោលដៅយុទ្ធសាស្ត្រ និងអាទិភាព គន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ។

ទន្ទឹមនេះ សម្តេចធិបតី ក៏បានផ្តល់នូវទស្សនៈផ្ទាល់ខ្លួនដោយធ្វើការប្រៀបធៀបការងារ «ផែនការ និង ស្ថិតិ» ទៅនឹង «អណ្តាត និង ធ្មេញ» ដែលមិនអាចខ្វះមួយណាបានឡើយ និងត្រូវការគ្នាទៅវិញទៅមក ជាប្រចាំ ។ ចំណែកការងារ «ប្រជាជន និង ការអភិវឌ្ឍ» ប្រៀបដូចនឹង «ដងខ្លួនមនុស្សទាំងមូល» ។ ក្នុងន័យនេះ ការរៀបចំផែនការមួយដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ទាមទារនូវទិន្នន័យស្ថិតិសុក្រឹត និងមានគុណភាព ហើយបើមានតែទិន្នន័យ តែមិនយកទៅប្រើប្រាស់ ក៏ទិន្នន័យនោះមិនមានតម្លៃដែរ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការងារ “ផែនការ ស្ថិតិ និងប្រជាជន និងការអភិវឌ្ឍ” ត្រូវអនុវត្តដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ដែលប្រព័ន្ធនេះ នឹងបង្កើតជាកម្លាំងចលករយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធក្នុងការអនុវត្តការងារកែទម្រង់ព្រមគ្នា និងមានសង្គតិភាពជាមួយគ្នា ទាំងការពង្រឹងអភិបាលកិច្ច និងគុណភាពស្ថាប័ន ។ ក្នុងក្របខ័ណ្ឌ «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ការងារត្រូវអនុវត្តប្រកបដោយសហថាមពល (ការផ្តួបថាមពលដោយប្រទាក់ក្រឡា និងស៊ីសង្វាក់គ្នា) មានកិច្ចសហការជិតស្និទ្ធ ផ្តល់ព័ត៌មាន និងបំពេញឱ្យគ្នាទៅវិញទៅមក ព្រមទាំងមានការទទួលខុសត្រូវ ដើម្បីរួមគ្នា សម្រេចបានជោគជ័យ ក្នុងការអនុវត្តយុទ្ធសាស្ត្រ និងគោលនយោបាយអភិវឌ្ឍជាតិ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ , ង៉ាន់ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner