ប្រធានវិទ្យាស្ថាន KSI គ្រោងនាំសហគ្រិន និងវិនិយោគិនជាច្រើនមកកម្ពុជា ដែលផ្ដោតលើ វិស័យហិរញ្ញវត្ថុ, កសិកម្ម និង ថាមពល កកើតពីជីវម៉ាស
(ភ្នំពេញ)៖ ខណៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ លោក តាន់ ស្រ៊ី មីឆែល យ៉េវ (Tan Sri Michael Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក គ្រោងនឹងនាំសហគ្រិន អ្នកវិនិយោគជាច្រើន មកកម្ពុជា ដែលផ្ដោតទៅលើវិស័យហិរញ្ញវត្ថុ, កសិកម្ម និងវិស័យថាមពលដែលកកើតពីជីវម៉ាស ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ លោក តាន់ ស្រ៊ី មីឆែល យ៉េវ ដែលកន្លងមក វិទ្យាស្ថាន KSI តែងតែគាំទ្រកម្ពុជា ពិសេសក្នុងពេលដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះដឹកនាំអាស៊ានឆ្នាំ២០២២ ហើយក៏អរគុណចំពោះវិទ្យាស្ថានដែលបានផ្ដល់ពានរង្វាន់មួយជីវិតដល់សម្ដេច ជាថ្នាក់ដឹកនាំឆ្នើមនៅក្នុងអាស៊ាន ដែលបានកាន់ញរញ៊ួអាស៊ានរហូតដល់ទៅ ៣ដង ។ សម្ដេច ក៏បានសម្ដែងការរីករាយដោយបានធ្វើការជាមួយគ្នាក្នុងរយៈពេលជាងដប់ឆ្នាំនេះ ដែលលោក Tan Sri Michael Yeoh បានធ្វើការនេះ តាំងពីឆ្នាំ២០១២ រហូតដល់បច្ចុប្បន្ន ។
លោក Tan Sri Michael Yeoh បានថ្លែងថា មានប្រសាសន៍ថា សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានចក្ខុវិស័យវែងឆ្ងាយ មានភាពឆ្លាតវៃក្នុងការដឹកនាំ ហើយសង្ឃឹមថា សម្ដេចធិបតី បន្តពីសម្ដេចតេជោ ដឹកនាំកម្ពុជា ទៅរកការរីកចម្រើននៅក្នុងសម័យកាលថ្មីមួយថែមទៀត ។

លោកប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ KSI ក៏បានជម្រាបជូនសម្ដេច ថា លោកបានគោរពស្នើសុំសម្ដេចធិបតី ដើម្បីបានរៀបចំនូវវេទិកា ២សំខាន់ ដែលគ្រោងរៀបចំនៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដែលចង់ឱ្យកម្ពុជា ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ ៖ ទី១) កិច្ចប្រជុំកំពូលសកលស្ដីពីបច្ចេកវិទ្យា និងសេដ្ឋកិច្ចចិន ២០២៤ ( Global Chinese Economic and Technology Summit 2024 ) ទី២) កិច្ចប្រជុំកំពូលស្ដីពីសហគ្រិនភាព និងសេដ្ឋកិច្ចអាស៊ី (ASIA Economic Entrepreneurship Summit) ដែលនឹងនាំអ្នកវិនិយោគិនពីបណ្ដាប្រទេសទូទាំងពិភពលោក វិនិយោគិនពី អាមេរិក អ៉ឺរ៉ុប ចិន មកកាន់តំបន់អាស៊ាន ពិសេសកម្ពុជា ដើម្បីស្វែងរកឱកាសដើម្បីវិនិយោគ ដោយលោកសង្ឃឹមថា វេទិកាទាំងពីរនេះ នឹងទាក់ទាញវិនិយោគិននៅក្នុងតំបន់ និងជុំវិញពិភពលោក ហើយលោកបានជម្រាបថា សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានឯកភាពនៃការស្នើសុំអញ្ជើញសម្ដេចធិបតី ជាអធិបតីថ្លែងសុន្ទរកថាគន្លឹះ នៅក្នុងវេទិកាទាំងពីរនេះរួចហើយ ។

សម្ដេចប្រមុខរដ្ឋស្ដីទី ក៏បានរំលេចផងដែរថា នៅក្នុងបណ្ដាប្រទេសអាស៊ាន យើងមិនព្រួយបារម្ភពីការខ្វះស្បៀងនោះទេ ដោយសារបណ្ដាសមាជិកអាស៊ានមួយចំនួនជាប្រទេសផលិតស្រូវ ស្បៀង ហើយប្រទេសមួយចំនួនទៀត គឺជាប្រទេសដែលនាំចូលនូវស្បៀងអាហារ ដូច្នេះយើងអាចបំពេញឲ្យគ្នាទៅវិញទៅមក ហើយត្រូវខិតខំធ្វើសមាហរណកម្មលើវិស័យពាណិជ្ជកម្ម ការវិនិយោគផ្សេងៗជាមួយគ្នា ។
សម្ដេចក៏បានផ្ដល់អនុសាសន៍សូមឲ្យវិទ្យាស្ថាន KSI និងវិទ្យាស្ថានចក្ខុវិស័យអាស៊ី(AVI) របស់កម្ពុជា ធ្វើការសិក្សារួមគ្នា ជំរុញទំនាក់ទំនងរកទីផ្សារនៅក្នុងតំបន់ជាពិសេសរវាងអាស៊ាន និងចិន ៕



អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ