សម្តេចធិបតីលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ (Video Inside)
សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តការបង្កើនចំនួនកូនចៅក្នុងក្រុមគ្រួសារ ដើម្បីបញ្ចៀសកង្វះពលកម្មក្នុងពេលអនាគត។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងផែនការ សម្តេចធិបតីបានថ្លែងថា រហូតដល់ឆ្នាំ២០៥០ មនុស្សមានវ័យចំណាស់នឹងកើនចំនួនច្រើនគួរឱ្យកត់សម្គាល់។
កម្ពុជាបានដាក់ចេញនូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់ ដែលវិស័យបណ្តុះបណ្តាលធនធានមនុស្ស គឺជាកត្តាសំខាន់ចាំបាច់យ៉ាងក្រៃលែង។
សម្តេចធិបតីបានអំពាវនាវសាលាជាតិផែនការ និងស្ថិតិ ត្រូវដើរតួនាទីពង្រឹងថ្នាលបណ្តុះបណ្តាលដ៏មានសារៈសំខាន់ ក្នុងការបំប៉នបន្ថែម និងសម្រួលចំណេះដឹង និងជំនាញខ្វះខាតឱ្យស្របតាមតម្រូវការចំណេះដឹង និងជាក់ស្តែងរបស់មន្ត្រីរាជការក្នុងបរិការបច្ចេកវិទ្យាឌីជីថល និងរួមចំណែកក្នុងការដំណើរការ និងការអនុវត្តកម្មវិធីកែទម្រង់សាធារណៈ ស្របតាមបាវចនាគោលដៅយុទ្ធសាស្ត្រអភិវឌ្ឍន៍បញ្ចកោណដំណាក់កាលទី១។