យុទ្ធនាការអប់រំផ្សព្វផ្សាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកក្នុងឱកាសចូលឆ្នាំថ្មី

បាត់ដំបង: ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខិតជិតចូលមកដល់គណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជាខេត្តបាត់ដំបង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ក្នុងនោះ ក៏មានយុវជនកាយរិទ្ធិខេត្តផងបានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ “ស្ដីពី៖ការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក” ដល់ប្រជាពលរដ្ឋ ដែលកំពុងតែបើកបរ លើដងផ្លូវសំខាន់ៗ មួយចំនួនក្នុងខេត្ត។យុទ្ធនាការនេះ បានធ្វើឡើងនៅលើដងផ្លូវបរិវេណខាងមុខរូបសំណាកលោកតាដំបងគ្រញូងក្រុង-ខេត្តបាត់ដំបងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ទី១១ ខែមេសា ឆ្នាំ២០២៤ដែលដឹកនាំផ្ទាល់ដោយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ។

សកម្មភាពក្នុងកាលៈទេសៈនេះ ក្នុងគោលដៅចូលរួមការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយឲ្យបាន នូវ អត្រាគ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ ខណៈដែលបុណ្យចូលឆ្នាំប្រពៃណីជាតិចរារណ៍កាន់តែមមាញឹកណែនណាន់តាន់តាប់ ដូចនេះករណីគ្រោះថ្នាក់ចរាចរណ៍ក៏មានហានិភ័យខ្ពស់ប្រសិនជាការបើកបរមិនគោរពច្បាប់ឬបើកបរក្រោមឥទ្ធិពលស្រវឹង។

យុទ្ធនាការខាងលើនេះ ក្រៅពីការពន្យល់អំពីចំណុចសំខាន់ៗនៃច្បាប់ ក្រុមការងារក៏បានរៀបចំជាសំណួរចម្លើយសម្រាប់អ្នកបើកបរទោចក្រយានយន្តនព្រមទាំងបានចែកជូននូវមួកសុវត្ថិភាព និងឯកសារពាក់ព័ន្ធសុវត្ថិភាពចរាចរណ៍ជាច្រើន ព្រមទាំងបិទស្ទិកឃ័រចំណាំងផ្លាតលើយានជំនិះ ដែលកំពុងបើកបរនៅលើដងផ្លូវនៅទីនោះផងដែរ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តបាត់ដំបង តាមរយៈទូរទស្សន៍អប្សរា បានអំពាវនាវដល់ប្រជាពលរដ្ឋបើកបរយានជំនិះនៅតាមដងផ្លូវទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីការពារអាយុជីវិតខ្លួនឯងផង និងអ្នកដទៃផង។
លោកប្រធានមន្ទីសាធារណការខេត្តបានបង្ហាញនូវការកត់សម្គាល់ថា មួយរយៈពេលចុងក្រោយនេះអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តបាត់ដំបង បានថមថយចុះច្រើន ដោយសារមន្ទីរបានសហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា ចុះរៀបចំយុទ្ធនាការផ្សព្វផ្សាយនិងចុះអប់រំប្រជាពលរដ្ឋលនៅតាមគោលដៅនានាបានជាប់ជាប្រចាំផងដែរ៕


( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប. )

ads banner