អ្នកស្រុកពញាក្រែក អបអរសាទរសង្រ្កាន្តឆ្នាំថ្មី សប្បាយរីករាយក្រោមម្លប់សន្តិភាព
(ត្បូងឃ្មុំ)៖ ប្រជាពលរដ្ឋ បានចូលរួមយ៉ាងរីករាយ ក្រោមដំបូលសន្តិភាព ដែលនាំមកដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាល អាណត្តិទី៧នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា គោរពប្រតិបត្តិ និងបន្តជំរុញបើកសិទ្ធិសេរីភាព និងធានាសិទ្ធិសេរីភាព ថែរក្សាការពារសុខសន្តិភាព ឱ្យល្អស្ថិតស្ថេរជានិច្ចនិរន្តរ៍ ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ នៅក្នុងឱកាសអញ្ជើញបើកពិធីសង្រ្កាន្តពញាក្រែក នៅក្នុងវិទ្យាល័យក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលតែងយកចិត្ត និងចាត់ទុកដាក់ លើវិប្រជាពលរដ្ឋគ្រប់រូប គ្រប់ពេលវេលា និងចូលរួមអបអរសាទរ សប្បាយរីករាយជាមួយប្រជាពលរដ្ឋទូទាំងប្រទេស ជាពិសេសក្នុងរដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកទឹកចិត្តសិស្សានុសិស្សទាំងអស់ត្រូវបន្តខិតប្រឹងប្រែងសិក្សារៀនបន្ថែមទៀត ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឱ្យបានជាប់ទាំងអស់គ្នា និងទទួលបាននិទ្ទេស A ឱ្យបានច្រើន នាពេលខាងមុខ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ឆ្ពោះទៅសម្រេចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ។

សូមបញ្ជាក់សង្រ្កាន្តពញាក្រែក បានរៀបចំឡើងដោយក្រសួងបរិស្ថាន សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តត្បូងឃ្មុំ និងមានការប្រគំតន្រ្តីពីតារាល្បីៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានការតាំងសមិទ្ធផល ការលេងល្បែងប្រជាប្រិយជាច្រើនប្រភេទ និងការកម្សាន្តនានា ចាប់ពីថ្ងៃទី១១-១៦ ខែមេសា ឆ្នាំ២០២៤ ៕









ដោយ ៖ ជីម ភារ៉ា