កម្ពុជានឹងពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន – សហរដ្ឋអាមេរិក

ភ្នំពេញ៖ កម្ពុជា នឹងពង្រឹងបន្ថែមនូវភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ ជ្រុងជ្រោយ រវាងអាស៊ាន – សហរដ្ឋអាមេរិក ។ នេះបើ យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ស្ដីពី ជំនួបពិភាក្សាការងារប្រកប ដោយភាពស្និទ្ធស្នាលរវាងឯក ឧត្តម ឧបនាយករដ្ឋមន្ត្រីសុខចិន្ដាសោភារដ្ឋមន្ត្រីការបរទេស និងស្ថបទការអន្តរជាតិជាមួយឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន កាលពីថ្ងៃទី១០ ខែមេសា ។

សេចក្តីប្រកាសបានរំលេចថា ក្នុងជំនួបនៅទីស្តីការក្រសួង ភាគី ទាំងពីរ បានកោតសរសើរចំពោះ សន្ទុះដ៏ល្អនៃទំនាក់ ទំនងរបស់ អាស៊ាន-សហរដ្ឋអាមេរិក និងរំលឹកឡើងវិញនូវ ជោគជ័យនៃការបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុង ជ្រោយ រវាងអាស៊ាន-សហរដ្ឋអាមេរិក កាលពីឆ្នាំ២០២២ ប្រកបដោយអត្ថន័យ ខ្លឹមសារ និងផ្តល់ប្រយោជន៍ទៅវិញ ទៅមក។ ខណៈដែល កម្ពុជា នឹងទទួលតួនាទីក្នុងពេល ដ៏ខ្លី ខាងមុខជា ប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនា រវាងអាស៊ាន-សហរដ្ឋអាមេរិក សម្រាប់រយៈពេល ៣ឆ្នាំ (២០២៤-២០២៧) ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម ឯកអគ្គរដ្ឋទូត មានទស្សនៈដូចគ្នាថា ប្រទេសទាំងពីរត្រូវធ្វើការ យ៉ាងជិតស្និទ្ធជាមួយគ្នា និងជាមួយបណ្តាប្រទេសសមាជិក អាស៊ានដទៃទៀត ដើម្បីសម្រេចបាននូវ សមិទ្ធផលសំខាន់ៗ បន្ថែមទៀតនៅក្នុងភាពជាដៃគូ និងសម្រេចឱ្យបានផល ប្រយោជន៍ ទៅវិញទៅមកសម្រាប់កំណើនរួមគ្នា។

ប្រភពដដែលបន្តថា ភាគីទាំងពីរ ក៏បានផ្តល់សារសំខាន់យ៉ា ង ខ្លាំង លើវិស័យបច្ចេកវិទ្យា ទំនើប និងសេដ្ឋកិច្ចឌីជីថល ដើម្បី ជំរុញការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ចសង្គមក្នុងតំបន់ ហើយបានប្តេជ្ញា ចិត្តក្នុងការប្រែក្លាយចក្ខុវិស័យទៅជា សកម្មភាព ជាក់ស្តែង។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងពីសារ សំខាន់ នៃមជ្ឈភាពអាស៊ាន និងយន្តការនានា ដែលដឹកនាំដោយ អាស៊ានក្នុង ការអភិវឌ្ឍនិម្មាបនកម្មតំបន់ដែលបើកចំហ ប្រកបដោយតម្លាភាព បរិយាប័ន្ន និងផ្អែកលើច្បាប់ ដើម្បីធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានអះអាងជាថ្មីអំពីការគាំទ្រ និងការគោរពយ៉ាងម៉ឺងម៉ាត់ របស់សហរដ្ឋអាមេរិក ចំពោះមជ្ឈភាព និងឯកភាពអាស៊ាន។ ភាគីទាំងពីរ ក៏បានផ្លាស់ប្តូរទស្សនៈមួយចំនួនលើបញ្ហាតំបន់ និង អន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ផងដែរ៕


ដោយ៖ សួង ពិសិដ្ឋ

សួង ពិសិដ្ឋ
សួង ពិសិដ្ឋ
អ្នកថតពត៌មានចូលបំរើការងារនៅទូរទស្ស៏អប្សរាឆ្នាំ1998រហូតដល់បច្ចុប្បន្នឆ្នាំ2022តាមសម្ដេចតេជោនឹងក្រសួងការបរទេស
ads banner
ads banner
ads banner