រយៈពេល៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១លាននាក់ ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប
សៀមរាប៖ ក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត មានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមកដើរលេងកម្សាន្ត រយៈពេល៤ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សរុប ១,២៣៩,៨០៨ នាក់ ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប ។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញថា ចំពោះភ្ញៀវទេសចរណ៍ទាំងអស់ដែលមកលេងកំសាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្ត រួមមាន ៖ ភ្ញៀវទេសចរណ៍បរទេសមានចំនួន ១៦,៨០៨ នាក់និង ភ្ញៀវទេសចរណ៍ជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១,២២៣,០០០ នាក់ ក្នុងនោះ ភ្ញៀវទេសចរណ៍ជាតិ មានចំនួនប្រមាណ ៦៦០,០០០ នាក់ និង បងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៥៦៣,០០០ នាក់ ។
លោក ធិម សេរីវុឌ្ឍ បានបញ្ជាក់ថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤នេះ គឺយើងមានភ្ញៀវទេសចរណ៍សរុបមានចំនួនប្រមាណ ២៨៣,៨១៧ នាក់ ក្នុងនោះ មានភ្ញៀវទេសចរណ៍បរទេសមានចំនួន ៣,៨១៧ នាក់ និងភ្ញៀវទេសចរណ៍ជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋមានចំនួន ប្រមាណ ២៨០,០០០ នាក់ ក្នុងនោះ ៖ គឺភ្ញៀវទេសចរណ៍ជាតិ មានចំនួនប្រមាណ ១២៥,០០០នាក់ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ១៥៥,០០០ នាក់ ។
សូមជម្រាបថា ព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តឆ្នាំ២០២៤នេះ ប្រារព្ធធ្វើឡើងរយៈពេល៤ថ្ងៃ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ក្នុងព្រឹត្តិការណ៍នេះ មានការរៀបចំកម្មវិធីជាច្រើន រួមមានពិធីសាសនា កម្មវិធីតាំងបង្ហាញវត្ថុសិល្បៈនានា និងកម្មវិធីកម្សាន្តជាច្រើនផងដែរ៕
ដោយ ៖ ស៊ាន សុផាត