សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការជ្រើសរើសនាយទាហាន និងពលទាហាន ត្រូវគិតគូរឱ្យបានច្បាស់លាស់

(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ពាក់ព័ន្ធការជ្រើសរើសពលទាហាន នាយទាហានរង និងនាយទាហាន ដោយត្រូវគិតគូរឱ្យបានច្បាស់លាស់ ដើម្បីឆ្លើយតបនឹងស្ថានភាពសង្គម និងរក្សាតុល្យភាពក្នុងជួរកងទ័ពសម្រាប់រយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំ ខាងមុខ ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍ដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នៅសាកលវិទ្យាល័យការពារជាតិ នាព្រឹកថ្ងៃទី១៩ មេសា ឆ្នាំ២០២៤ ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងដោយចង់ឱ្យគណៈកម្មការជំនាញពាក់ព័ន្ធ គិតគូរពីសមាសមាត្រក្នុងការជ្រើសរើសទាហាន ថាតើត្រូវទាហានសរុបប៉ុន្មាននាក់ ក្នុងនោះពលទាហានប៉ុន្មានភាគរយ នាយទាហានរងប៉ុន្មានភាគរយ នាយទាហានប៉ុន្មានភាគរយ? ត្រូវគិតគូរសម្រាប់រយៈពេល ១៥ឆ្នាំ ឬ ២០ឆ្នាំ ដើម្បីរក្សាតុល្យភាព។

សម្ដេចបន្តថា នាយទាហាននៅកម្ពុជា សុទ្ធតែបានចូលរួមក្នុងកាលៈទេសៈដែលប្រទេសមានសង្គ្រាម ដើម្បីបញ្ចប់សង្គ្រាម តែយ៉ាងណាមិនបានធ្វើឱ្យកម្ពុជាបាត់បង់សមត្ថភាពការពារជាតិនោះទេ ប៉ុន្តែថ្ងៃមុខការដឹកនាំ បញ្ជា ត្រូវធ្វើឱ្យមានតុល្លយភាព ដើម្បីងាយស្រួលក្នុងការរៀបចំ ដឹកនាំ បញ្ជាការងារកងទ័ព ។

សម្ដេចធិបតី បានបញ្ជាក់ថា ត្រូវបង្កើនយុទ្ធជនឱ្យបានច្រើន បង្កើនសមាសមាត្រនាយទាហាន នាយទាហានរង និងពលទាហាន ពិសេសអង្គភាពទ័ពប្រយុទ្ធត្រូវធ្វើយ៉ាងណាត្រូវបំពេញពលទាហានឱ្យច្រើនជាងនាយទាហាន និងគិតគូរលើការដំឡើងឋានន្តរស័ក្តិ ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យគណៈកម្មការច្បាប់កាតព្វកិច្ចគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយលើបទដ្ឋានគតិយុត្តពីការរើសយោធិនកាតព្វកិច្ច ដើម្បីឱ្យយុវជនបានហ្វឹកហាត់ជំនាញយោធា និងផ្សាំសមត្ថភាព។ ទៅថ្ងៃអនាគត ប្រហែលជា១ភាគធំនៃការជ្រើសរើសពលទាហាន ត្រូវចូលតាមច្រកយោធិនកាតព្វកិច្ចឱ្យបានច្រើន និងតាមរយៈការប្រឡងចូលធ្វើទាហាន (លើកលែងតែជំនាញមួយចំនួន ឬក្របខណ្ឌពិសេស)។ ការធ្វើបែបនេះគឺដើម្បីឱ្យយោធិនកាតព្វកិច្ចគិតគូរពីអាជីពរបស់ខ្លួន ថាតើគួរនៅធ្វើជាទាហានបន្ត ឬចាកចេញទៅរកអាជីពផ្សេងៗ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ថា ការជ្រើសរើសពលទាហាន នាយទាហានរង និងនាយទាហាន នាថ្ងៃខាងមុខ គួរតែត្រូវធ្វើតាមរូបមន្តយោធិនកាតព្វកិច្ចឱ្យបានច្រើន ពីព្រោះយោធិនកាតព្វកិច្ច ពួកគាត់នឹងមានរយៈពេលសមរម្យសម្រាប់គិតគូរពីអាជីពការងាររបស់ខ្លួន ហើយមានភាពច្បាស់លាស់ក្នុងការចាប់យកអាជីពជាយោធា និងក៏កាត់បន្ថយអត្រាចាកចេញពីជួរកងទ័ពផងដែរ ៕

អត្ថបទ៖ វណ្ណលុក, វីដេអូ ៖ វ៉េង លីមហួត, សួង ពិសិដ្ឋ និង ង៉ាន ទិត្យ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner