កូរ៉េខាងជើងធ្វើតេស្តក្បាលគ្រាប់ដ៏ធំ សម្រាប់បំពាក់លើមីស៊ីលគ្រូសយុទ្ធសាស្ត្រ

សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា កូរ៉េខាងជើងបានធ្វើតេស្ដក្បាលគ្រាប់មីស៊ីលដ៏ធំ សម្រាប់បំពាក់លើមីស៊ីលគ្រូសយុទ្ធសាស្រ្ត ដែលនេះជាការធ្វើតេស្តចុងក្រោយ ចាប់តាំងពីការត្រួតពិនិត្យទណ្ឌកម្មរបស់អង្គការសហប្រជាជាតិប្រឆាំងនឹងកូរ៉េខាងជើង ត្រូវបានពន្យារពេលដោយរុស្ស៊ីកាលពីខែមុន។

ទីភ្នាក់ងារសារព័ត៌មាន KCNA បានចុះផ្សាយថា កូរ៉េខាងជើងបានដឹកនាំការធ្វើតេស្ដក្បាលគ្រាប់ដ៏មានថាមពលមួយ ដែលត្រូវបានផលិតឡើង សម្រាប់បំពាក់លើមីស៊ីលគ្រូសយុទ្ធសាស្ត្រ Hwasal-1 Ra-3 និងបានធ្វើតេស្ដលើមីស៊ីលប្រឆាំងយន្ដហោះចម្បាំងប្រភេទថ្មីមួយឈ្មោះ Pyoljji-1-2 កាលពីរសៀលថ្ងៃសុក្រសប្តាហ៍នេះ។

ទីក្រុងព្យុងយ៉ាងបាននិយាយថា ការធ្វើតេស្តនេះ គឺជាផ្នែកមួយនៃសកម្មភាពធម្មតា ក្នុងការបាញ់សាកល្បងមីស៊ីលរបស់ប្រទេសខ្លួន ហើយមិនមានអ្វីពាក់ព័ន្ធនឹងស្ថានភាពភាពតានតឹងក្នុងតំបន់ទេ។ ទីក្រុងព្យុងយ៉ាងបានបន្ថែមថា គោលដៅជាក់លាក់មួយត្រូវបានសម្រេច តាមរយៈការធ្វើតេស្ត ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ។

គួរបញ្ជាក់ថា កូរ៉េខាងជើងបានស្ថិតនៅក្រោមការដាក់ទណ្ឌកម្មអន្តរជាតិ ចាប់តាំងពីដឹកនាំការធ្វើតេស្ដអាវុធនុយក្លេអ៊ែរជាលើកទី២ ក្នុងឆ្នាំ២០០៩។ ប៉ុន្តែទោះជាប់ទណ្ឌកម្មក៏ដោយ ក៏ការអភិវឌ្ឍកម្មវិធីអាវុធរបស់ប្រទេសមានអាវុធនុយក្លេអ៊ែរក្នុងដៃមួយនេះ នៅតែរីកចម្រើនទៅមុខ៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner