ប្រទេសចំនួន ១១ផ្តល់ថវិកាជាង ១០ពាន់លានដុល្លារដល់ធនាគារពិភពលោក

វ៉ាស៊ីនតោន៖ ប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយក្រុម បានសន្យាផ្តល់ថវិកាចំនួន ១១ពាន់លានដុល្លារដល់ធនាគារពិភពលោក (WB) ដែលនេះជាការផ្តល់មូលនិធិថ្មី ដើម្បីជំរុញសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់ធនាគារនេះ រហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេលមួយទសវត្សរ៍។

ធនាគារពិភពលោក (WB) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសមានសេដ្ឋកិច្ចជឿនលឿនចំនួន១១ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងជប៉ុន បានប្តេជ្ញាផ្តល់មូលនិធិជួយដល់ធនាគារពិភពលោក (WB) ក្នុងការផ្តល់ប្រាក់កម្ចីចំនួន៣ ដែលបង្កើតឡើងដើម្បីបង្កើនសមត្ថភាព និងអនុញ្ញាតឱ្យធនាគារនេះ អាចទប់ទល់នឹងហានិភ័យកាន់តែច្រើនឡើង បណ្តាលមកពីបញ្ហាប្រឈមជាសកលរួមគ្នា។

តាមរយៈការប្រើប្រាស់ធនធានដែលបានសន្យានេះ ធនាគារធនាគារពិភពលោក (WB) នឹងអាចផ្តល់ប្រាក់កម្ចីថ្មីរហូតដល់ ៧០ពាន់លានដុល្លារក្នុងរយៈពេល ១០ឆ្នាំ។ ប្រធានធនាគារពិភពលោក (WB) លោក Ajay Banga បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយយ៉ាងដូច្នេះថា យើងបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការអភិវឌ្ឍឧបករណ៍ហិរញ្ញវត្ថុថ្មីទាំងនេះ ដែលជួយបង្កើនសមត្ថភាពផ្តល់ប្រាក់កម្ចីរបស់យើង, បង្កើនមូលនិធិដល់ម្ចាស់ជំនួយ ហើយទីបំផុតអនុញ្ញាតឱ្យយើងធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់មនុស្សកាន់តែច្រើន។

លោកបន្ថែមថា ការប្តេជ្ញាចិត្តផ្តល់មូលនិធិថ្មីនេះ កើតឡើងក្រោយមើលឃើញពីវឌ្ឍនភាពដែលយើងបានធ្វើ ដើម្បីធ្វើកំណែទម្រង់ធនាគារ និងជាសញ្ញានៃការប្តេជ្ញាចិត្តរួមគ្នារបស់ពួកគេ ចំពោះការអភិវឌ្ឍន៍ជាសកល។

កន្លងមក ធនាគារពិភពលោក (WB) ធ្លាប់បានប៉ាន់ប្រមាណថា ប្រទេសកំពុងអភិវឌ្ឍន៍នឹងត្រូវការប្រាក់ជាមធ្យមចំនួន ២.៤ទ្រីលានដុល្លារជារៀងរាល់ឆ្នាំ នៅចន្លោះពេលនេះរហូតដល់ឆ្នាំ២០៣០ ដើម្បីដោះស្រាយបញ្ហាប្រឈមជាសកល នៃការប្រែប្រួលអាកាសធាតុ ជម្លោះ និងជំងឺរាតត្បាតជាដើម៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner