រដ្ឋលេខាធិការក្រសួងអប់រំ:ការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤ ជាយុទ្ធសាស្រ្តពង្រឹងនៅក្នុងស្រុក

ភ្នំពេញ៖​ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជននិងកីឡា បានថ្លែងថា ការប្រមូលផ្តុំក្រុមជម្រើសជាតិនៅក្នុងឆ្នាំ២០២៤នេះ មិនមែនជាគោលដៅយុទ្ធសាស្រ្តត្រៀមសម្រាប់ចូលរួមប្រជែងក្នុងព្រឹត្តិការណ៍ធំនោះទេ ពោលការប្រមូលផ្តុំនៅឆ្នាំនេះគឺត្រៀមព្រឹត្តិការណ៍អន្តរជាតិតូចៗសម្រាប់សហព័ន្ធកីឡាជាតិមួយចំនួនដែលជាការប្រកួតលក្ខណៈជើងឯកប៉ុណ្ណោះ។ ចំណែកព្រឹត្តិការណ៍កីឡាធំដែលជាគោលដៅយុទ្ធសាស្រ្តគឺការប្រមូលផ្តុំត្រៀមស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ក្នុងឆ្នាំ២០២៥។

ឯកឧត្តម វ៉ាត់ ចំរើន បានលើកឡើង នៅក្នុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិសម្រាប់ផែនការប្រមូលផ្តុំជម្រើសជាតិឆ្នាំ២០២៤។ឯកឧត្តមបន្តថា ការប្រមូលផ្តុំនៅឆ្នាំ២០២៤សម្រាប់ជម្រើសជាតិ គឺជាពេលវេលានៃការពង្រឹងគុណផលក្នុងក្របខណ្ឌនៅក្នុងប្រទេស ដែលជាការហ្វឹកហាត់កម្រិតមូលដ្ឋាន ដើម្បីពង្រឹងសមត្ថភាពនៅនឹងកន្លែងឱ្យបានរឹងមាំខ្លាំងការពារនូវការធ្លាក់ចុះគុណផលបច្ចេកទេស ហើយ ការពង្រឹងសមត្ថភាពការហ្វឹកហាត់គឺជារឿងចាំបាច់សម្រាប់ការប្រមូលផ្តុំឆ្នាំ២០២៤នេះ។

ឯកឧត្តម រដ្ឋលេខាធិការ បន្តថា ក្នុងឆ្នាំ២០២៥ឆ្នាំក្រោយ ទើបជាការប្រមូលផ្តុំជម្រើសជាតិឆ្ពោះទៅរកបច្ចេកទេសត្រៀមប្រកួតកីឡាស៊ីហ្គេម នៅប្រទេសថៃ ព្រោះស៊ីហ្គេម នៅប្រទេសថៃ ជាព្រឹត្តិការណ៍ធំដែលកម្ពុជាត្រូវការពារសិទ្ធិផលចំនួនមេដាយ និងការពារកិត្តិយសរបស់ជាតិ ខណៈដែលព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ កម្ពុជាទទួលបានជោគជ័យ និងភាពលេចធ្លោ។

ទន្ទឹមជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានសំណូមពរដល់ថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិត្រូវចូលរួមមានការស្រុះស្រួលគ្នាជាគោលការណ៍លើការពង្រឹងសមត្ថភាពការហ្វឹកហាត់នៅក្នុងប្រទេសឱ្យបានពី៦០ទៅ៧០ភាគរយ។មានន័យថាត្រូវពង្រឹងគ្រូបង្វឹកនិងគ្រូជំនួយពីពាក់និងសមត្ថភាពក្នុងការបង្វឹកជម្រើសជាតិ ដើម្បីឱ្យជម្រើសជាតិបានឡើងគុណភាពកម្លាំងកាយដល់៦០ទៅ៧០ភាគរយធានាបានការធ្វើបច្ចេកទេសដោយគត់មត់៕ដោយៈជាវ ចន្ធូរ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner