ក្រុមហ៊ុនចិន Chery ដាក់គោលដៅផលិតឡាន ១៥ម៉ឺនគ្រឿងក្នុងមួយឆ្នាំនៅអេស្ប៉ាញ

ម៉ាឌ្រីដ៖ ក្រុមហ៊ុនផលិតរថយន្តចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors ថ្មីៗនេះនិយាយថា ពួកគេរំពឹងថា នឹងបង្កើតការងារថ្មីដល់បុគ្គលិកចំនួន ១,២៥០នាក់ ព្រមជាមួយនឹងផែនការផលិតរថយន្តឱ្យបាន ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ ដែលភាគច្រើនជាអគ្គិសនីនៅរោងចក្រថ្មីរបស់ពួកគេនៅទីក្រុងបាសេឡូណា។

ក្រុមហ៊ុនចិន Chery និងដៃគូអេស្ប៉ាញ Ebro-EV Motors បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នានេះ នឹងចាប់ផ្តើមជ្រើសរើសបុគ្គលិកចំនួន ១៥០នាក់ ក្នុងចំណោម ១,២៥០នាក់ នារយៈពេលប៉ុន្មានខែខាងមុខនេះ។

រីឯការផលិតរថយន្តនឹងត្រូវដំឡើងនៅឯរោងចក្រដែលក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan បានបិទកាលពីខែធ្នូ ឆ្នាំ២០២១ ហើយធ្លាប់មានបុគ្គលិកជិត ៣,០០០នាក់។ ក្រុមហ៊ុនចិន Chery និងអេស្ប៉ាញ Ebro បានបញ្ជាក់ថា ពួកគេមានគម្រោងផលិតរថយន្តចំនួន ៥០,០០០គ្រឿងក្នុងមួយឆ្នាំនៅឯអតីតរោងចក្ររបស់ក្រុមហ៊ុនជប៉ុន Nissan នៅឆ្នាំ២០២៧ បន្ទាប់មកនឹងបង្កើនរហូតដល់ប្រហែល ១៥០,០០០គ្រឿងក្នុងមួយឆ្នាំ នៅឆ្នាំ២០២៩។

Chery គឺជាក្រុមហ៊ុនផលិតរថយន្តរបស់ចិនទីពីរ ដែលបានមកបោះទុនវិនិយោគនៅអឺរ៉ុប បន្ទាប់ពីក្រុមហ៊ុន BYD បាននិយាយកាលពីខែធ្នូថា ខ្លួននឹងសាងសង់រោងចក្រនៅក្នុងប្រទេសហុងគ្រី ខណៈដែលខ្លួនកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការពង្រីកខ្លួនទៅកាន់ទ្វីបអឺរ៉ុប ទោះបីជាមានការព្រួយបារម្ភអំពីការប្រកួតប្រជែងកើនឡើងក៏ដោយ។ ដោយបង្កើតឡើងក្នុងឆ្នាំ១៩៩៧ Chery គឺជាក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋចិន ដែលបានប្រកាសថា ខ្លួនលក់រថយន្តបានចំនួន ១.៩លានគ្រឿងកាលពីឆ្នាំ២០២៣៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner