អាល្លឺម៉ង់នឹងបញ្ជូននាវាចម្បាំងស៊េរីថ្មី ទៅការពារកប៉ាល់នៅសមុទ្រក្រហម
ប៊ែរឡាំង៖ អាល្លឺម៉ង់ ថ្មីៗនេះបាននិយាយថា ខ្លួននឹងបញ្ជូននាវាចម្បាំងស៊េរីថ្មីមួយ ទៅកាន់សមុទ្រក្រហម ក្នុងខែសីហាខាងមុខ ដើម្បីជួយធានាសុវត្ថិភាពចរាចរណ៍ផ្លូវសមុទ្រ ដែលត្រូវរំខានជាច្រើនខែ ដោយសារការវាយប្រហារពីក្រុមឧទ្ទាមហ៊ូទី។
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Boris Pistorius បាននិយាយថា នាវាចម្បាំងស៊េរីថ្មី Hamburg នឹងជំនួសនាវាចម្បាំង Hessen ដែលបានចាកចេញពីតំបន់កាលពីថ្ងៃសៅរ៍សប្តាហ៍មុន។
នាវាចម្បាំង Hessen ត្រូវបានដាក់ពង្រាយនៅតំបន់សមុទ្រក្រហម កាលពីថ្ងៃទី២៣ ខែកុម្ភៈ ជាផ្នែកមួយនៃបេសកកម្ម “Aspides” របស់សហភាពអឺរ៉ុប ដើម្បីការពារនាវានៅក្នុងតំបន់។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា នាវាចម្បាំង Hamburg បានអមដំណើរកប៉ាល់ពាណិជ្ជករចំនួន ២៧គ្រឿងនៅក្នុងតំបន់អន្តរាគមន៍ ហើយមាន ៤ដងបានទប់ទល់នឹងការវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរបស់ក្រុមហ៊ូទី។ នាវាចម្បាំង Hamburg មានបុគ្គលិកយោធាប្រហែល ២៤០នាក់។
ក្រុមឧទ្ទាមហ៊ូទីបាននិយាយថា ពួកគេបានវាយប្រហារលើកប៉ាល់ជិត ១០០គ្រឿងនៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ក្នុងការវាយប្រហារជាច្រើនខែ។
ពួកគេបានចាប់ផ្តើមវាយប្រហារកប៉ាល់នៅឈូងសមុទ្រ Aden និងសមុទ្រក្រហមក្នុងខែវិច្ឆិកា ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមរយៈពេលជាច្រើនខែរបស់ខ្លួននៅតំបន់ហ្គាហ្សា និងអនុញ្ញាតឱ្យជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីប៉ាឡេស្ទីន ដែលត្រូវបានឡោមព័ទ្ធដោយអ៊ីស្រាអែល។
ការវាយប្រហារលើផ្លូវពាណិជ្ជកម្មដ៏សំខាន់ បានជួបជាមួយនឹងការវាយប្រហារសងសឹកដោយកងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសចាប់តាំងពីខែមករា។ លើសពីនេះ សម្ព័ន្ធមិត្តជិតស្និទ្ធរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកក៏បានបង្កើតក្រុមការងារចម្រុះជាតិសាសន៍កាលពីចុងឆ្នាំមុន ដើម្បីការពារការដឹកជញ្ជូននៅសមុទ្រក្រហមផងដែរ៕ ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា