អភិបាលខណ្ឌចំការមន ស្នើសង្កាត់នីមួយៗ ពិនិត្យឱ្យបានហ្មត់ចត់ ចំពោះ ក្រុមហ៊ុន ដែលដេញថ្លៃ ឈ្នះគម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤

(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសដាក់ឱ្យដេញថ្លៃគម្រោង មូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ នៅសាលាខណ្ឌចំការមន នៅព្រឹកថ្ងៃទី២២មេសា លោក កៀង ល័ក្ស អភិបាលខណ្ឌចំការមន បានស្នើគណៈកម្មការលទ្ធកម្មសង្កាត់នីមួយៗ ពិនិត្យឱ្យបានហ្មត់ចត់ ចំពោះក្រុមហ៊ុនដែលបានដេញថ្លៃឈ្នះ ក្នុងតម្លៃទាប ត្រូវធានាតាមលក្ខណៈបច្ចេកទេស ធានាគុណភាព ត្រូវធ្វើការតាមដានគំរោងជាប្រចាំ និងត្រួតពិនិត្យវាយតំលៃ តាមដំណាក់កាលនីមួយៗ សហការជាមួយប្រជាពលរដ្ឋ ឱ្យបានល្អ ជាពិសេស ត្រូវរៀបចំកិច្ចសន្យាគំរោង ។

លោក កៀង ល័ក្ស ក៏បានណែនាំ ដល់ក្រុមហ៊ុន ដែលចូលរួមដេញថ្ងៃទាំងអស់ ត្រូវពិចារណាឱ្យបានច្បាស់លាស់ពីតំលៃ និងស្ថានភាពទីតាំងគំរោង ហើយត្រូវគោរពនូវបទបញ្ជាផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសន្យា គោលការណ៍សំខាន់ៗ អំពីការដេញថ្ងៃ ជាពិសេសក្រុមហ៊ុនដេញថ្លៃបានហើយ បែរជាអនុវត្តមិនបាន ។

លោកអភិបាលខណ្ឌ ក៏បានណែនាំអោយក្រុមហ៊ុនដេញថ្លៃ ត្រូវមានក្រមសីលធម៌ ព្រោះតាមរយៈបទពិសោធន៍កន្លងមក មានក្រុមហ៊ុនមួយចំនួនតូច ហ៊ានដេញថ្លៃទាប ខ្លាំងជាងតំលៃប៉ាន់ស្មាន ក៏ប៉ុន្តែដល់ពេលអនុវត្តគំរោង មានភាពយ៉ឺតយ៉ាវ គ្មានសោភ័ណ្ឌភាព គ្មានសុវត្ថិភាព គ្មានគុណភាព និងមិនអាចទទួលយកបាន ។

សូមបញ្ជាក់ថា គម្រោងមូលនិធិអភិវឌ្ឍន៍សង្កាត់ ឆ្នាំ២០២៤ មានការចូលរួមដេញថ្លៃពីក្រុមហ៊ុនចំនួន១០ ចំពោះ គម្រោងដេញថ្លៃនាពេលនេះ រួមមាន៖

១-សង្កាត់ទន្លេបាសាក់ដាក់លូដោះទឹកទំហំ០.៦ ម៉ែត្រ ប្រវែង៦០២ម៉ែត្រ និងជួសជុលអណ្តូងចំនួន២៤ អណ្តូង។ស្តារលូ ទំហំ០.៦ ម៉ែត្រ ប្រវែង ១,៤២៥ ម៉ែត្រ។

២-សង្កាត់ទួលទំពូងទី១ ដាក់លូដោះទឹក ទំហំ០.៦ ម៉ែត្រ ប្រវែង២៤០ម៉ែត្រ និងជួសជុលអណ្តូងចំនួន១២ អណ្តូង ជួសជុលផ្លូវអ៊ុតកៅស៊ូអាស់ស្ទាល់ ប្រវែង១២៣ ម៉ែត្រ ទទឹង ៦.៥ ម៉ែត្រ និងកម្រាស់ ៥០មម ។

៣-សង្កាត់ទួលទំពូងទី២ ដាក់លូដោះទឹក ទំហំ០.៦ ម៉ែត្រ ប្រវែង៤៧០ម៉ែត្រ និងជួសជុលអណ្តូងចំនួន១៩។

៤-សង្កាត់បឹងត្របែក ជួសជុលផ្លូវអ៊ុតកៅស៊ូអាស់ស្គាល់ ប្រវែង២៤២ ម៉ែត្រ ទទឹង ៧ ម៉ែត្រ និងកម្រាស់ ៥០មម។

៥-សង្កាត់ផ្សារដើមថ្កូវ ដាក់លូដោះទឹក ទំហំ០.៦ ម៉ែត្រ ប្រវែង ៥១២ម៉ែត្រ និងជួសជុលអណ្តូងចំនួន ២១អណ្តូង ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner