បួនស្ថាប័នរួមគ្នាប្រែក្លាយក្រុងរុនតាឯក និងពាក់ស្នែង ទៅជាបុរីជនបទគំរូ

ភ្នំពេញ៖ តំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ដែលស្ថិតនៅចំងាយប្រមាណ ២០គីឡូម៉ែត្រពីតំបន់អង្គរ ខេត្តសៀមរាប នឹងក្លាយជាបុរីជនបទដំបូងគេដែលបណ្តាខេត្តផ្សេងៗអាចយកគំរូតាមដើម្បីប្រែក្លាយតំបន់ជាយទីប្រជុំជន ទៅជាទីដែលអំណោយផលដល់ការរស់នៅជាងមុន។
 
នៅពេលនេះ ស្ថាប័នរដ្ឋចំនួនបួន រួមមាន ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរខេត្តសៀមរាប កំពុងរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត នៅតំបន់ទាំងពីរ ដើម្បីធ្វើឲ្យការរស់នៅល្អប្រសើរ បើទោះបីជានៅដាច់ឆ្ងាយពីទីប្រជុំជន។ នេះបើយោងតាមការប្រកាសរបស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់កាលពីថ្ងៃចុងសប្តាហ៍នេះ។
 
ឯកឧត្តម ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅដ្ឋាន នៃក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រាប់ទូរទស្សន៍អប្សរាបន្ថែមថា បុរីជនបទសំដៅលើការរៀបចំភូមិឋានដែលមានបណ្តាញផ្លូវខ្វាត់ខ្វែង ប្រព័ន្ធទឹកស្អាតដល់ផ្ទះ មានសាលារៀន និងមន្ទីរពេទ្យ ជាដើម ដើម្បីកាត់បន្ថយបញ្ហាគម្លាតរវាងទីក្រុងនិងជនបទ។ ឯកឧត្តមថា ខុសពីបុរីតាមទីក្រុងដែលមានសំណង់លំនៅដ្ឋាន និងលំហសាធារណៈលើក្បាលដីតែមួយ ផ្ទះនីមួយៗក្នុងបុរីជនបទមានសួនសម្រាប់ដំាដំណាំជុំវិញផ្ទះប្រមាណ១ភាគ៤នៃផ្ទៃដី មានទីធ្លាចិញ្ចឹមសត្វ និងស្រះទឹក ដែលផ្តល់ផាសុកភាពក្នុងការរស់នៅ។ បុរីជនបទក៏ផ្តោតផងដែរលើសណ្តាប់ធ្នាប់ និងសុវត្ថិភាព ដែលបន្តជាបញ្ហាដែលកម្ពុជាមិនទាន់អាចដោះស្រាយបានទាំងស្រុងនៅឡើយ។
 
គួររំលឹកថា តំបន់រុនតាឯក និងពាក់ស្នែង ត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ជាទីសម្រាប់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តរុះរើផ្ទះ និងសំណង់ពីតំបន់រមណីយដ្ឋានអង្គរ។ មកដល់ពេលនេះមានប្រជាជនជាង៤ ០០០គ្រួសារកំពុងរស់នៅជាអចិន្ត្រៃយ៍នៅរុនតាឯក និងជាង២ ០០០គ្រួសារទៀតនៅពាក់ស្នែង។ កន្លងមក ពួកគេជាច្រើនបានត្អូញត្អែរពីបញ្ហាជីវភាព និងហេដ្ឋរចនាសម្ព័ន្ធនានាដែលពិបាកក្នុងការទ្រទ្រង់របរចញ្ចឹមជីវិត។ កាលពីដើមឆ្នាំ ២០២៤នេះ រដ្ឋាភិបាលបានសម្រេចប្រែក្លាយតំបន់រុនតាឯកឱ្យទៅជាក្រុងរុនតាឯកតេជោសែន ដោយបានផ្តល់ផ្ទះ និងដីសម្រាប់ប្រជាជនធ្វើកសិកម្ម។
 
ក្រៅពីរុនតាឯក និងពាក់ស្នែង ភូមិជីកដី ស្រុករមាសហែក នៃខេត្តស្វាយរៀង ក៏កំពុងប្រែក្លាយជាបុរីជនបទដែរ។ នេះបើយោងតាម ឯកឧត្តម ប្រាក់ អង្គារ៉ា។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការប្រែក្លាយតំបន់ជាយក្រុងនានាទៅជាបុរីជនបទជាការល្អ ដែលលោកយល់ថាអាចរួមចំណែកកាត់បន្ថយភាពក្រីក្រ។

លោកបន្ថែមថា ការអភិវឌ្ឍន៍នេះក៏មានចំណែករបស់ប្រជាពលរដ្ឋដែរ ព្រោះរដ្ឋាភិបាលប្រើថវិការជាតិដែលបានមកពីការប្រមូលពន្ធ ដូច្នេះហើយការបង្វែរហិរញ្ញប្បទានត្រឡប់ទៅការអភិវឌ្ឍន៍ភូមិឋានវិញគឺវាស្មើនឹងការប្រមូលពន្ធពីពលរដ្ឋដែលមានចំណូលខ្ពស់ហើយយកមកជួយដល់ពលរដ្ឋដែលអត់មានប្រាក់ចំណូល។ លោកថា នេះគឺជាចំណុចល្អហើយគឺអ្វីដែលរដ្ឋាភិបាលត្រូវធ្វើនៅក្នុងគោលនយោបាយសារពើពន្ធ៕
ដោយ:ទួន សុផល

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner