ដូងខ្មែរត្រូវប៉ាន់ ១៣ចម្ការត្រៀមវេចខ្ទប់នាំចេញទៅចិន

 ភ្នំពេញៈជិតមួយឆ្នាំក្រោយពីចរចារជាមួយរដ្ឋបាលគយចិន នៅឆ្នាំ២០២៤នេះ កម្ពុជាអាចនាំចេញផ្លែដូងទៅប្រទេសចិន ដែលមានតម្រូវការដូងស្រស់ជាង២ពាន់លានផ្លែជារៀងរាល់ឆ្នាំ។
 
លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងនៅថ្ងៃអង្គារនេះថា មានចម្ការដូងចំនួន១៣ និងទីតាំងវេចខ្ចប់ចំនួន៥ទីតាំងនៅទូទាំងប្រទេស ត្រូវបានជ្រើសរើសសម្រាប់ការនាំចេញនេះ ដោយផ្អែកលើគុណភាព និងស្តង់ដាតម្រូវដោយគយចិន។
 
ដូងដែលនាំចេញមានប្រភេទ ដូងស្រស់ធម្មតា និងដូងក្រអូប។ ប៉ុន្តែ អ្នកនាំពាក្យរូបនេះ មិនទាន់អាចបញ្ជាក់ពីតម្រូវការជាក់លាក់របស់ចិននៅឡើយទេ ដោយថាអាស្រ័យលើការបញ្ជាទិញ និងការចរចាររវាងឈ្មួញចិន និងម្ចាស់ចម្ការ។
ប្រទេសចិនជាទីផ្សារដូងស្រស់ដ៏ធំបំផុតរបស់ប្រទេសក្នុងសហគមន៍អាស៊ាន។ យោងតាមសារព័ត៌មាន China Daily ចិននាំចូលដូងជាង១លានតោនកាលពីឆ្នាំ២០២២ ពីប្រទេសថៃ ហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម។ គេហទំព័រ Alemspices របស់វៀតណាម បានឲ្យដឹងថា ចិនត្រូវការដូងស្រស់ជាង ២ពាន់លានផ្លែជារៀងឆ្នាំ ហើយការផ្គត់ផ្គង់ក្នុងស្រុកបានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះនៃតម្រូវការ។
 
សារព័ត៌មាន China Daily បានស្រង់សម្តីឈ្មួញលក់និងនាំចូលផ្លែដូងនៅតំបន់ Guangxi Zhuang ភាគខាងត្បូងប្រទេសចិនថា ដូងរបស់កម្ពុជាមានគុណភាពខ្ពស់ និងមានតម្លៃប្រកួតប្រជែង បើធៀបនឹងផ្លែដូងដែលនាំចូលពីប្រទេសផ្សេងៗ។
 
នៅប្រទេសកម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំដុះដំណាំដូងចំនួន ១ម៉ឺន៧ពាន់ហិកតា ក្នុងនោះ ផ្ទៃដីប្រមូលផលមានចំនួន ១ម៉ឺន៤ពាន់ហិកតា។ ចំណែកទិន្នផលសរុបនៅក្នុងឆ្នាំ២០២២ មានចំនួនសរុប ២៤ម៉ឺន៨ពាន់តោន។ ក្នុងចំណោមនេះខេត្តកំពង់ស្ពឺផ្តល់ទិន្នផលផ្លែដូងច្រើនជាងគេចំនួនជិត ៣០ភាគរយនៃទិន្នផលសរុប បន្ទាប់មកខេត្តកំពតជាង ២០ភាគរយ និងខេត្តបាត់ដំបងជិត១០ភាគរយ។ ក្រៅពីដូង កម្ពុជាក៏នាំចេញ ចេក តាង៉ែន និងស្វាយទៅកាន់ប្រទេសចិនផងដែរ។
គួរសម្គាល់ថា ទីផ្សារផ្លែឈើអាស៊ីអាគ្នេយ៍ រួមទាំងការទិញលក់ដូងនៅក្នុងប្រទេសចិនផង ទទួលបានអត្ថប្រយោជន៍ ពីកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន និងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលនាំមកនូវគោលនយោបាយគ្មានពន្ធ ពង្រីកទីផ្សារ និងសម្រួលការងារគយ ជួយឲ្យទំនិញនិងអាហារមានតម្លៃសមរម្យ៕
ដោយៈម៉ាដេប៉ូ

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner