ស្នងការដ្ឋាននគរបាលខេត្តរតនគិរីបិទបញ្ចប់កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលការងារ

រតនគិរី : បន្ទាប់ពីបានដំណើរការទៅរយៈពេលពេញមួយព្រឹករួចមក កិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយទិសដៅការងាររបស់ក្រសួងមហាផ្ទៃ និងអគ្គស្នងការដ្ឋាននគរបាលជាតិឆ្នាំ២០២៤របស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរីត្រូវប្រារព្ធពិធីបិទនៅរសៀលថ្ងៃទី២៣ ខែមេសាក្រោមអធិបតីភាពឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរង និងជាតំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោក ងិន ណែល អភិបាលខេត្តស្តីទី។

ក្នុងឳកាសនេះឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការនគរបាលខេត្តបានធ្វើរបាយការណ៍បូកសរុបលទ្ធផលកិច្ចប្រជុំការងារប្រចាំឆ្នាំ២០២៣ និងផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋានឆ្នាំ២០២៤ ។
លោក ងិន ណែល អភិបាលខេត្តស្តីទីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដែលបានខិតខំយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី បំពេញតួនាទីភារកិច្ចបានល្អប្រសើរ ។ ពិសេសចូលរួមសហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនប្រជាពលរដ្ឋ ការពារសន្តិសុខសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិកន្លងមកនេះ។

ឧត្តមសេនីយ៍ឯក កឹង ឃន អគ្គស្នងការរងនគរបាលជាតិបានធ្វើការផ្តាំផ្ញើដល់មន្រ្តីនគរបាលគ្រប់ជាន់ថ្នាក់នៅទូទាំងខេត្តរតនគិរី រួមសាមគ្គីគ្នា ដើម្បីការពារនូវសន្តិភាព ទោះបីជាត្រូវលះបង់ដោយតម្លៃណាក៏ដោយ។ទន្ទឹមនេះ កែប្រែឥរិយាបថ និងទម្លាប់ក្នុងការបំពេញការងារ ឱ្យស័ក្តិសមជាមន្ត្រីបម្រើប្រជាពលរដ្ឋ និងកែលម្អរបៀបគ្រប់គ្រងរបស់ខ្លួន ផ្អែកតាមគោលនយោបាយ កំណែទម្រង់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាល ៕


ដោយៈគតិ យុត្ត

ads banner