សម្តេចតេជោ ហ៊ុន សែន បដិសេធការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបដិសេធចំពោះការលើកឡើងរបស់លោក សាពូន មីដាដា ថា សម្តេច និងភរិយា ជួយលុយដល់ខ្លួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន គឺជាការមិនពិតនបោះទេ។ ដោយសម្តេចបានបញ្ជាក់ថា លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលសម្តេចគ្មានលទ្ធភាពផ្តល់ឱ្យនោះឡើយ។ ការបដិសេធរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងបន្ទាប់ពីលោក សាពូន មីដាដា បានសរសេរបង្ហោះសារថា សម្តេច និងភរិយា ជួយខ្លួនចំនួន៦,៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុកសម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា៖
“លោកសាពូន មីដាដា បានបង្ហោះសារដោយនិយាយថា ខ្ញុំនិងភរិយាបានជួយគាត់ចំនួន ៦.៧លានដុល្លារ ព្រមទាំងផ្ទះ និងឡាន។ ច្រើនណាស់កូន បើកូនទទួលបានមែន តើកូនយកទៅណា?។ តើកូនឆ្កួត ឬក៏ឡប់ ឬចង់អួតទៅអ្នកដទៃ? ជាង១០ឆ្នាំមុន ពុកម៉ែបានហៅកូនទាំងពីរ និងចៅទៅលេងផ្ទះវិមានឯករាជ្យ និងបានផ្តល់ប្រាក់៣០ម៉ឺនដុល្លារ សម្រាប់ពួកកូនទិញផ្ទះនៅ។ ក្រោយមកដោយឃើញថា មារយាទកូនទាំងពីរមិនកើត ពុកម៉ែបដិសេដធមិនជួយកូនទៀតទេ ទោះកូនបានសុំមកទៀត ដើម្បីបង់រំលោះផ្ទះដែលកូនប្រាប់ថាទិញផ្ទះចំនួន៤ ដែលគ្មានលុយបង់រំលោះឱ្យគេ”។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា៖
“កូនប្រុសពុកម៉ែមានចិត្តចង់ជួយកូន តែកូនមិនត្រឹមតែបំផ្លាញខ្លួនឯងទេ តែកូនចង់បំផ្លាញដល់ពុកម៉ែតាមរយៈការបង្ហោះសារបែបនេះទៅវិញ។ លុយជិត៧លានដុល្លារវាច្រើនណាស់ ដែលពុកគ្មានលទ្ធភាពផ្តល់ឱ្យកូននោះឡើយ”៕
ដោយ៖ពលជ័យ

ads banner