ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា

ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់លើកលែងទោសឱ្យទណ្ឌិតឈ្មោះ គង់ សភា ភេទប្រុស កើតឆ្នាំ១៩៧៥ ដែលត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារកំណត់៨ឆ្នាំ តាមអំណាចសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ ៤១១ “ត” ក្រ៧ ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្វាគមន៍លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៃអតីតគណបក្សសង្គ្រោះជាតិ។ ដោយសម្តេចធិបតីបានបញ្ជាក់ថា សម្តេចនឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោក គង់ សភា អាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ នេះបើយោងតាមឆាណែលតេឡេក្រាមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរដូច្នេះថា ៖ « ជូនចំពោះលោក គង់ សភា ខ្ញុំបានទទួលរួចហើយនូវលិខិតសូមអភ័យទោសរបស់លោកដែលផ្ញើមកឲ្យខ្ញុំ។ ខ្ញុំសូមស្វាគមន៍លោក។ ខ្ញុំនឹងចាត់ចែងតាមនីតិវិធីដើម្បីឲ្យលោកអាចវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ សង្ឃឹមថាយើងនឹងមានឱកាសជួប សន្ទនាជាមួយគ្នានៅពេលខាងមុខ»។

យោងតាមលិខិតស្នើសុំអន្តរាគមន៍លើកលែងទោសគោរពជូនសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក គង់ សភា អតីតតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង នៃអតីតគណបក្សប្រឆាំងបានសម្តែងការសោកស្តាយ ដែលរាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងទៅ បានធ្វើអោយប៉ះពាល់ដល់ដំណើរការអភិវឌ្ឍ សន្តិភាព ស្ថេរភាព និងគោលនយោបាយ នានារបស់រាជរដ្ឋាភិបាលកម្ពុជា។

លោក គង់ សភា ក៏បានសូមអភ័យទោសចំពោះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ អាស្រ័យហេតុនេះ លោកសូមគោរពស្នើសុំសម្តេចធិបតីនាយករដ្ឋមន្ត្រី មេត្តាជួយអន្តរាគមន៍ថ្វាយអង្គ ព្រះមហាក្សត្រ ដើម្បីទ្រង់ផ្តល់សេចក្តីសណ្តោស និងប្រោសប្រទានការលើកលែងទោសឱ្យលោកបានរួចផុតពីទោស ដែលតុលាការបានផ្តន្ទានាពេលកន្លងមក ចំពោះរូបលោក។ ព្រមទាំងទម្លាក់ចោលនូវបទចោទប្រកាន់ទាំងឡាយដែលមានជាធរមាន។

លោក គង់ សភា មានសង្ឃឹមជឿជាក់ថា សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងជួយអន្តរាគមន៍ឱ្យលោកបានរួចផុតពីទោសទណ្ឌទាំងឡាយ​ដើម្បីអាចវិលត្រឡប់ចូលទៅកាន់មាតុប្រទេសវិញ និងជួបជុំគ្រួសារ មើលថែឪពុកម្តាយចាស់ជរា។

សូមជម្រាបថា តុលាការក្រុងភ្នំពេញកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ បានប្រកាសសាលក្រមផ្តន្ទាទោស លោក ហូរ វ៉ាន់ លោក អ៊ូ ច័ន្ទឫទ្ធិ លោក គង់ សភា ដាក់ពន្ធនាគារ២ ឆ្នាំ ចំណែកបក្ខពួកផ្សេងទៀត ដាក់ពន្ធនាគារ២០ខែ តែអនុវត្តទោសដាក់ពន្ធនាគារ ១៥ខែ ទោសដែលនៅសល់ព្យួរសាកល្បងរយៈពេល២ឆ្នាំ ពីបទផ្ដើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្ដិសុខសង្គម ចំណែកឈ្មោះ ហុង លីម ហៅ ហុង មុយលីម រួចផុតពីបទចោទ ហើយក៏បានចេញដីការចាប់ខ្លួនមនុស្សមួយចំនួនដែលពាក់ព័ន្ធផងដែរ៕
ដោយ៖ពលជ័យ

ads banner