មនុស្សជិត ៣០០លាននាក់ប្រឈមមុខនឹងភាពស្រែកឃ្លានធ្ងន់ធ្ងរក្នុងឆ្នាំ២០២៣

ប៉ារីស៖ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងក្រុមអភិវឌ្ឍន៍ បាននិយាយនៅថ្ងៃពុធថា អសន្តិសុខស្បៀងកាន់តែអាក្រក់ឡើងនៅជុំវិញពិភពលោកក្នុងឆ្នាំ២០២៣ បានរុញច្រានប្រជាជនប្រមាណ ២៨២លាននាក់ឱ្យរស់នៅក្នុងភាពស្រែកឃ្លានធ្ងន់ធ្ងរ ដោយសារតែជម្លោះ ជាពិសេសនៅតំបន់ហ្គាហ្សា និងស៊ូដង់។

ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ៗ និងវិបត្តិសេដ្ឋកិច្ច ក៏ជួយជំរុញបន្ថែមទៅលើចំនួនមនុស្សប្រឈមមុខនឹងអសន្តិសុខស្បៀងធ្ងន់ធ្ងរចំនួន ២៤លាននាក់ផងដែរ បើធៀបនឹងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍សកលចុងក្រោយស្តីពីវិបត្តិស្បៀងអាហារ របស់បណ្តាញព័ត៌មានសន្តិសុខស្បៀង (FSIN)។

ឆ្នាំ២០២៣ គឺជាឆ្នាំទី៥ជាប់ៗគ្នាហើយ នៃការកើនឡើងចំនួនមនុស្សទទួលរងនូវអសន្តិសុខស្បៀងធ្ងន់ធ្ងរ និងជាពេលដែលប្រជាជនប្រឈមមុខនឹងការខ្វះខាតស្បៀងអាហារ ដែលគំរាមកំហែងដល់អាយុជីវិត ឬការចិញ្ចឹមជីវិត។ ការកើនឡើងភាគច្រើនកាលពីឆ្នាំមុន គឺដោយសារតែការពង្រីកការគ្របដណ្តប់ភូមិសាស្ត្រ ក៏ដូចជាស្ថានភាពកាន់តែយ៉ាប់យ៉ឺននៅក្នុងប្រទេសចំនួន១២។

លោក Fleur Wouterse អនុប្រធានការិយាល័យសង្គ្រោះបន្ទាន់នៅក្នុងអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានបញ្ជាក់ថា តំបន់ភូមិសាស្រ្តកាន់តែច្រើន បានជួបប្រទះនូវបរិបទវិបត្តិអាហារសំខាន់ៗ ក្នុងនោះមានដូចជាស៊ូដង់ និងតំបន់ហ្គាហ្សាស្ទ្រីប។ មនុស្សប្រហែល ៧០០.០០០នាក់នៅស៊ូដង់ រួមទាំង ៦០០.០០០នាក់នៅហ្គាហ្សា បានស្ថិតក្នុងគែមនៃភាពស្រែកឃ្លានកាលពីឆ្នាំមុន។

តួលេខនេះ បានកើនឡើងរហូតដល់ ១.១លាននាក់នៅក្នុងទឹកដីប៉ាឡេស្ទីនដែលពោរពេញដោយសង្រ្គាម។ លោក Wouterse បន្ថែមថា គិតចាប់តាំងពីឆ្នាំ ២០១៦មក ចំនួនប្រជាជនដែលអសន្តិសុខស្បៀងធ្ងន់ធ្ងរ បានកើនឡើងពី ១០៨លាននាក់ ទៅ ២៨២លាននាក់៕

ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner