សហរដ្ឋអាមេរិកគ្រោងរឹតបន្តឹងការប្រើប្រាស់កញ្ឆាឡើងវិញ
វ៉ាស៊ីនតោន៖ ប្រភពបានបង្ហើបឱ្យដឹងនៅថ្ងៃអង្គារថា សហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញ ដើម្បីចាត់ទុកកញ្ឆា ជាឱសថមានគ្រោះថ្នាក់ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការទប់ស្កាត់ពលរដ្ឋមិនឱ្យបន្តប្រើប្រាស់វា។
ប្រភពដែលដឹងពីបញ្ហានេះ បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា ក្រសួងយុត្តិធម៌អាមេរិកបានផ្ញើអនុសាសន៍មួយទៅកាន់សេតវិមាននៅថ្ងៃអង្គារនេះ ដើម្បីកំណត់ពេលពិភាក្សាលើបញ្ហាកញ្ឆាឡើងវិញ។

ស្ថិតក្រោមច្បាប់សហព័ន្ធអាមេរិក ការប្រើប្រាស់កញ្ឆានៅតែជារឿងខុសច្បាប់ បើទោះបីជាច្បាប់នេះមិនត្រូវបានអនុវត្ត ហើយរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានបើកឱ្យប្រើវាស្របច្បាប់ក៏ដោយ។
កញ្ឆា គឺជាអាជីវកម្មដែលមានតម្លៃរាប់ពាន់លានដុល្លាររួចទៅហើយនៅក្នុងសហរដ្ឋអាមេរិក ដោយជាងពាក់កណ្តាលនៃរដ្ឋទាំងអស់ ប្រើប្រាស់កញ្ឆាសម្រាប់ការកំសាន្ត និងធ្វើជាឱសថស្របច្បាប់ ក្នុងនោះរួមមានទាំងរដ្ឋកាលីហ្វ័រញ៉ា និងញូវយ៉កផងដែរ។

ពាក់ព័ន្ធនឹងរឿងនេះដែរ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានលើកលែងទោសជនជាតិអាមេរិករាប់ពាន់នាក់ដែលត្រូវបានផ្តន្ទាទោសពីបទកាន់កាប់កញ្ឆា។
ហើយបញ្ហានេះទៀតសោត ក៏ជាផលចំណេញផ្នែកនយោបាយសម្រាប់លោក បៃដិន ផងដែរ ព្រោះតាមរយៈការស្ទង់មតិ បានបង្ហាញពីការកើនឡើងនៃប្រជាជនអាមេរិក ដែលពេញចិត្តនឹងការធ្វើឱ្យការប្រើកញ្ឆាស្របច្បាប់ ជាពិសេសក្នុងចំណោមមនុស្សវ័យក្មេង៕




ប្រភព: AFP ប្រែសម្រួលដោយ: ឈឹម ទីណា