រដ្ឋលេខាធិការក្រសួងសុខាភិបាល៖នៅថ្ងៃទី១ ខែឧសភានេះកំដៅកើនឡើងខ្លាំងរហូតដល់ ៤៦អង្សាសេ មិនធ្លាប់មានកន្លងមក

(ភ្នំពេញ)៖ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានបង្ហាញការព្រួយបារម្ភបន្ទាប់ពីកំដៅបានឡើងកំដៅខ្លាំងនៅថ្ងៃទី០៥ ខែឧសភានេះដោយកើនឡើងរហូតដល់ ៤៦អង្សាសេដែលមិនធ្លាប់មាននៅកម្ពុជា។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីនបានបញ្ចេញសារក្នុងទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនដោយបញ្ជាក់ថា៖”នៅកម្ពុជាពេលនេះ គឺអាកាសធាតុបានប្រែទៅជាក្តៅបំផុតមិនធ្លាប់មានពីមុនមកនោះឡើយ។ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់លើសុខភាព ដែលអាចនឹងមានការដួលសន្លប់ ឬលេសឡាស់ដោយខ្វះជាតិទឹកក្នុងខ្លួនជាដើម។ ការប្រែប្រួលអាកាសធាតុ នាពេលនេះ គឺជាការពិត ហើយ។ ថ្ងៃនេះកំដៅកើនឡើងអាចដល់ ៤៦ អង្សារសេទៅហើយ”។

ជាមួយការបញ្ជាក់បែបនេះ លោកជំទាវរដ្ឋលេខាធិការក៏បានស្នើសុំឱ្យប្រជាពលរដ្ឋ យកចិត្តទុកដាក់ខ្ពស់ក្នុងការការពារសុខភាពផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាលដែលបានចេញផ្សាយជូនសាធារណជនរួចហើយ ដែលលោកអ្នកអាចស្វែងរកមើលបានតាមទំព័រហ្វេសប៊ុករបស់ក្រសួងផងដែរ។

លោកជំទាវវេជ្ជបណ្ឌិត បានលើកឡើងថា” អ្វីដែលសំខាន់នៅពេលនេះ គឺមិនត្រូវស្ថិតនៅក្រោមពន្លឺថ្ងៃក្តៅខ្លាំងនេះក្នុងរយ:ពេលយូរពេក ដែលនាំឱ្យរលាកស្បែក បែកញើសខ្លាំងពេកធ្វើឱ្យខ្វះជាតិទឹកក្នុងខ្លួន សរីរាង្គកាយមិនអាចទ្រាំទ្របានដែលអាចឱ្យលេសឡាស់ ដង្ហក់ ឬដួលសន្លប់ ហើយគាំងបេះដូងស្លាប់ជាដើម។ ត្រូវរកទីតាំងម្លប់ជ្រក បើនៅក្រៅផ្ទះ ឬអគារ រកកន្សែង ឬក្រម៉ាជ្រលក់ទឹកគ្រប់ដណ្តប់ខ្លួន ឧស្សាបាញ់ទឹកនៅជុំវិញខ្លួន ពិសារទឹកស្អាតឱ្យបានគ្រប់គ្រាន់ពី ២-៣លីត្រក្នុងមួយថ្ងៃ សូមកុំពិសារភេសជ្ជផ្អែមដែលធ្វើឱ្យកំដៅខ្លួនបុគ្គលកើនថែមក្នុងពេលដែលក្តៅខ្លាំងនេះ និងប្រេីសម្លៀកបំពាក់ស្រាលស្តើង ដៃវែង ពាក់មួកការពារកំដៅថ្ងៃ អាចប្រើឡូស្យុងការពារកំដៅថ្ងៃ ឬប្រើឆ័ត្របាំងកំដៅថ្ងៃ។ បើនៅក្នុងផ្ទះ ឬអគារ អាចប្រើកង្ហា ឬម៉ាស៊ីនត្រជាក់ កាត់បន្ថយកំដៅ។ ចៀសវាងការបរិភោគផ្អែមពេក ប្រៃពេក ឬខ្លាញ់ពេកជាដើម៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner