សមយុទ្ធនាគមាសរួមគ្នាកម្ពុជា-ចិន ឆ្នាំ២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌» ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា

ភ្នំពេញ៖ តាមកម្មវិធីដែលបានគ្រោងទុក សមយុទ្ធនាគមាសរួមគ្នារវាងកងទ័ព-ចិន ឆ្នាំ២០២៤ នឹងត្រូវរៀបចំធ្វើនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ ថ(ភ្នំជុំសែនរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិច្រកកូវ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងនៅលើផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៦-៣០ ខែឧសភា ឆ្នាំ២០២៤។ សមយុទ្ធនាគមាស-២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

ចំពោះខ្លឹមសារសមយុទ្ធ មានដូចជា ការហ្វឹកហាត់ទីបញ្ជាការដែលផ្តោតទៅលើការសិក្សារៀនសូត្រទ្រឹស្ដី ការសិក្សាការធ្វើផែនការប្រតិបត្តិការប្រយុទ្ធ ការហាត់សមបញ្ជាតាមដំណាក់កាលសេណារីយោ ការរៀបចំកម្មវិធីផ្លាស់ប្តូរបទពិសោធន៏ស្ដីពីការប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការសង្គ្រោះមនុស្សធម៌ ការរៀបចំកិច្ចពិគ្រោះពិភាក្សាស្ដីពីប្រតិបត្តិការប្រឆាំងភេរវកម្មតំបន់ភ្នំ ប្រតិបត្តិការការប្រឆាំងការចាប់ជម្រិតលើសមុទ្រ និងប្រតិបត្តិការរួមគ្នារុករកសង្គ្រោះលើសមុទ្រ។ ចំពោះលំហាត់លើទីលាន គឺមានសមយុទ្ធលើគោក ដែលនឹងត្រូវហ្វឹកហាត់ជំនាញមូលដ្ឋាន (ការហាត់រៀនទ្រឹស្តី ការអនុវត្តជាក់ស្ដែង និងការបែងចែកជាក្រុមហ្វឹកហាត់) ការប្រើប្រាស់បរិក្ខារគ្មានមនុស្សបើក (Drone and Robot Dog) ការអនុវត្តប្រើប្រាស់កាំភ្លើងធំ ការអនុវត្តការប្រើប្រាស់អាវុធធុនស្រាល(បូករួមការបាញ់គ្រាប់ពិត) ការជួយសង្គ្រោះលើសមរភូមិ ការហ្វឹកហាត់រួមគ្នា និងការហ្វឹកហាត់រួមត្រៀមសម្តែងសមយុទ្ធ។

រីឯសមយុទ្ធលើសមុទ្រ នឹងមានការហ្វឹកហ្វឺនរួមគ្នាលើជំនាញប្រតិបត្តិការរួមគ្នាប្រឆាំងភេរវកម្ម និងការចាប់ជម្រិតលើសមុទ្រ សកម្មភាពរួមគ្នាឆ្លើយតបនឹងភាពអាសន្ន សកម្មភាពពង្រាយរូបភាពរុករក សកម្មភាពចូលរំដោះដោយប្រដាប់អាវុធ សកម្មភាពសង្គ្រោះលើសមុទ្រ ដោយមានការសហការជាមួយកម្លាំងកងទ័ពជើងអាកាស…។ល។

ដោយបានការអនុញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ រងនៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកទី៦ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតី ក្នុងពិធីប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ពិធីសមយុទ្ធនាគមាស-២០២៤ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងភេរវកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោកឧត្តមសេនីយ៏នាយសេនាធិការរង ស្នងការ ស្នងការរង នាយ នាយរងការិយាល័យ នាយផ្នែក ប្រធានអង្គភាព, មេបញ្ជាការកងវរសេនាតូចអន្តរាគមន៏ មេបញ្ជាការកងអន្តរាគមន៏ និងបញ្ជូនរូបភាពតាមប្រពន្ធ័ video conference ទាំង២៥ រាជធានី-ខេត្ត មជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយផងដែរ៕
ដោយ៖ពលជ័យ
រូបភាព៖កងរាជអាវុធហត្ថ

ads banner